(មូស្គូ)៖ លោក Edward Snowden បានអះអាងថា គ្រប់គ្នាមិនគួរប្រើប្រាស់កម្មវិធី Google Allo នោះទេ ព្រោះថាកម្មវិធីនេះ អាចរក្សាទុកនូវរាល់សារដែលអ្នកបានផ្ញើ ឬក៏បញ្ជូនសាររបស់អ្នកទៅប្តឹង ប៉ូលិសក្នុងករណីមាន ការស្នើសុំណាមួយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៦។
Edward Snowden ជាអតីតទីភ្នាក់ងារស៊ើបការសម្ងាត់ អាមេរិក និង កំពុងនិរទេសខ្លួននៅប្រទេសរុស្ស៊ី បានធ្វើការកត់សម្គាល់នៅលើបណ្ដាញ Twitter ផ្ទាល់ខ្លួន ដោយជំទាស់ទៅនឹង ការប្រើប្រាស់កម្មវិធីផ្ញើសារ Google Allo នៃក្រុមហ៊ុន Google ត្បិតអីវាអាចរក្សាទុករាល់សាររបស់អ្នកប្រើប្រាស់ ពោលគឺកម្មវិធីនេះ អាចរក្សាទុកសារនៅក្នុង server របស់ក្រុមហ៊ុន Google ដោយមិនមានពេលកំណត់ ខណៈ Google ធ្លាប់អះអាងថាសារ ទំាងអស់នឹងត្រូវរក្សាទុកនៅរយៈពេលខ្លីប៉ុណ្ណោះ ហើយក៏មិនបានផ្ដល់ផលអវិជ្ជមាន ឬក៏រំលោភលើទិន្នន័យ បុគ្គលនោះដែរ។
យ៉ាងណាក៏ដោយ សម្រាប់ Edward Snowden ក្រុមហ៊ុន Google មានគោលបំណងប្រមូលនិងស្ដុកទុក ការសន្ទនារបស់អ្នកប្រើប្រាស់ដើម្បីកំណត់ជាគោលដៅ លើការផ្សាយពាណិជ្ជកម្មរបស់ខ្លួន នៅពេលអានាគ ដោយផ្អែកលើអ្នកប្រើប្រាស់ ដែលនេះហើយជាហេតុផលធ្វើឱ្យ លោក ផ្ដល់យោបល់កុំឱ្យទាញយកកម្មវិធី Google Allo បញ្ចូលទៅក្នុងទូរសព្ទដៃ ព្រោះថារឿងសម្ងាត់នានា នឹងអាចត្រូវបានទម្លាយចេញ ដោយលោកអ្នកពិតជាមិនចង់ឲ្យកើតមាននោះឡើយ៕