(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាព្រឹកថ្ងៃទី០១ ខែ សីហា ឆ្នាំ២០២៤នេះ បានទទួលជួបពិភាក្សាការងារជាមួយ លោក Russell Bailey នាយកស្តីទី នៃមជ្ឈមណ្ឌលអាស៊ីប៉ាស៊ីហ្វិក សម្រាប់ការសិក្សាផ្នែកសន្តិសុខ (APCSS)។
នាឱកាសដំណើរទស្សនកិច្ចមកកាន់កម្ពុជារយៈពេល២ថ្ងៃ លោក Russell Bailey បានឆ្លៀតពេលវេលាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ សែម សុវណ្ណនី។
នាយកស្តីទី នៃមជ្ឈមណ្ឌលអាស៊ីប៉ាស៊ីហ្វិក សម្រាប់ការសិក្សាផ្នែកសន្តិសុខ បានបង្ហាញពីសារសំខាន់នៃវគ្គហ្វឹកហ្វឺន ដែលផ្តល់ជូនមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ដោយវគ្គទាំងនេះ មិនត្រឹមតែមានការចូលរួមពីប្រមាណ៣០ ទៅ៤០ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែវគ្គទាំងនេះបានបន្ថែមនូវកម្រិតយល់ដឹងផ្នែកសន្តិសុខជាតិ និងអន្តរជាតិ ដល់នាយទាហានជាន់ខ្ពស់កម្ពុជា ដែលមានកម្រិតចាប់ពីវរសេនីយ៍ត្រី ដល់វរសេនីយ៍ឯក និងកម្រិតឧត្តមសេនីយ៍ទោ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់ភាគីសហរដ្ឋអាមេរិក ដែលកន្លងមកតែងផ្តល់វគ្គហ្វឹកហ្វឺន និងផ្តល់ការបណ្តុះបណ្តាលដល់កងកម្លាំងនៃកងយោធពលខេមរភូមិន្ទ តាមរយៈកម្មវិធី GPOI លើលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការរក្សាសន្តិភាព និងវគ្គបំប៉ននានាដូចជានាយទាហានសេនាធិការ សង្កេតការណ៍ ផ្នែករក្សាសន្តិភាព។
ទន្ទឹមនឹងការផ្តល់ជូនវគ្គហ្វឹកហ្វឺននាយទាហានជាន់ខ្ពស់ ចាប់ពីកម្រិតវរសេនីយ៍ត្រី ដល់ វរសេនីយ៍ឯក និងកម្រិតឧត្តមសេនីយ៍ទោ របស់ភាគីសហរដ្ឋអាមេរិក នាយឧត្តមសេនីយ៍ ក៏បានស្នើសុំបន្ថែមឱ្យមានវគ្គហ្វឹកហ្វឺន សម្រាប់នាយទាហានជាន់ទាបផងដែរ៕