(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានគោរពថ្លែងអំណរគុណឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលបានយកចិត្តទុកដាក់ និងខ្វាយខ្វល់ជាប់ជាប្រចាំលើប្រតិបត្តិការរុករកយន្តហោះ និងអាកាសយានិក។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងយ៉ាងដូច្នេះថា៖ «ក្នុងនាមគណៈបញ្ជាការរុករកឧទ្ធម្ភាគចក្រ និងបណ្តាលកងឯកភាព បណ្តាលនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលបានដឹកនាំ ណែនាំសួរសុខទុក្ខដល់កងកម្លាំងទាំងអស់ ក្នុងការរុករកនេះ ដោយមានផ្តល់ឱវាទ និងឧបត្ថម្ភជាថវិកា និងសម្ភារៈ ដល់កម្លាំងរុករក»។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងថា តាមរយៈការផ្តល់ឱវាទ ណែនាំ ឧបត្ថម្ភទាំងសម្ភារៈ និងថវិការបស់ឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងនាយឧត្តមសេនីយ៍ វង្ស ពិសេន បានធ្វើឱ្យប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រទទួលបានជោគជ័យផងដែរ។
តាងនាមឱ្យកងកម្លាំងរុករកឧទ្ធម្ភាគចក្រ, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធទាំងឡាយនៅក្នុងលោកតាមថែរក្សា បីចាច់ឧបនាយករដ្ឋមន្ត្រី ទៀ សីហា លោកជំទាវ ព្រមទាំងបុត្រា បុត្រី និងនាយឧត្តមសេនីយ៍ វង្ស ពិសេន ឱ្យមានសុខភាពល្អ បរិបូរណ៍ អាយុយឺនយូរ ក្នុងការដឹកនាំក្រសួងការពារជាតិ និងអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងជាម្លប់ដល់យើងខ្ញុំទាំងអស់គ្នា។
គួរឱ្យដឹងថា សពអាកាសយានិក២រូប ដែលបានស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅចំណុចភ្នំយ៉ាវយ៉ៃ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានបូជាហើយ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ នៅក្បែរទីតាំងធ្លាក់ឧទ្ធម្ភាគចក្រ ដើម្បីយកធាតុមកធ្វើបុណ្យតាមប្រពៃណី នៅរាជធានីភ្នំពេញ។ ការបូជាសពនៅក្បែរទីតាំងកើតហេតុនោះ គឺមានការឯកភាពពីក្រុមគ្រួសារ ដោយសារតែស្ថានភាពសភាពសពរបស់ អាកាសយានិកទាំងពីររូបមានការលំបាក ក្នុងការរៀបចំដឹកជូនមករាជធានីភ្នំពេញ។
សូមបញ្ជាក់ថា នាយទាហានទាំង២រូប ដែលជាអាកាសយានិក បានបាត់ខ្លួនជាមួយនឹងឧទ្ធម្ភាគចក្រយោធា Z9 កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ខណៈពេលកំពុងហ្វឹកហ្វឺន នៅតំបន់ជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ក្រោយបាត់ដំណឹងនេះ កងកម្លាំងចម្រុះ បានបើកប្រតិបត្តិការរុករកអស់រយៈពេល១៧ថ្ងៃ ទើបប្រទះឃើញឧទ្ធម្ភាចក្រ នៅចំណុចភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ប៉ុន្តែជាអកុសលនាយទាហានទងពីរបានបាត់បង់ជីវិតទៅហើយ។ សពអាកាសយានិក ខេង ឆៃយុទ្ធ ត្រូវបានរកឃើញល្ងាចថ្ងៃទី២៩ ខែកក្កដា។ ចំណែកសពអាកាសយានិកម្នាក់ទៀតឈ្មោះ ស៊ុន ផល្លា ត្រូវបានរកឃើញនៅវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤៕