(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឱ្យបណ្តារដ្ឋបាលខេត្ត បន្តពង្រឹងយកចិត្តទុកដាក់គ្រប់គ្រង តាមព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង ដើម្បីទប់ស្កាត់អំពើជួញដូរមនុស្ស គ្រឿងញៀន និងអាវុធជាតិផ្ទុះ។

លោកអភិសន្តិបណ្ឌិត ថ្លែងបែបនេះ ពិធីផ្សព្វផ្សាយប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស០៥ឆ្នាំ (២០២៤-២០២៨)» លើកទី៤ នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ នៅក្រសួងមហាផ្ទៃ។

ឧបនាយករដ្ឋមន្ត្រី ស សុខា លើកឡើងយ៉ាងដូច្នេះថា «កម្ពុជាខ្លួនឯងផ្ទាល់ត្រូវតែពង្រឹងការគ្រប់គ្រងច្រកព្រំដែន ហើយជាពិសេស ម្សិលមិញខ្ញុំសូមផ្ដាំផ្ញើទៅដល់រដ្ឋបាលរាជធានី-ខេត្ត និងខេត្តនៅជាប់ព្រំប្រទល់ កម្ពុជា-វៀតណាម កម្ពុជា-ឡាវ កម្ពុជា-ថៃ បន្តក្នុងការទំនាក់ទំនងល្អ ផ្លាស់ប្ដូរ ហើយជាពិសេសពាក់ព័ន្ធទៅនឹងរឿង៣ធំៗ ការជួញដូរមនុស្ស គ្រឿងញៀន អាវុធជាតិផ្ទុះ»

លោកអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា ក្នុងចំណោមព្រំដែនទាំង៣ គឺព្រំដែនកម្ពុជា-ឡាវ ជាពិសេសនោះគឺខេត្តស្ទឹងត្រែងតែម្ដង ដែលមានទាំង៣ចំនុចគឺ ការជួញដូរមនុស្ស គ្រឿងញៀន និងអាវុធជាតិផ្ទុះ។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី ស សុខា បានបន្តថា ណែនាំដល់ស្ថាប័នពាក់ព័ន្ធ សូមកុំជះទឹកដាក់គ្នា និងកុំចាត់ទុកកិច្ចការទាំងអស់នេះ ជាកិច្ចការផ្ដាច់មុខរបស់ក្រសួងមហាផ្ទៃ ពោលត្រូវចូលរួមទាំងអស់គ្នា បើមិនចូលរួមទាំងអស់គ្នាទេ វានឹងអាចបង្កផលប៉ះពាល់ដល់កូនចៅជំនាន់ក្រោយ។

ឧបនាយករដ្ឋមន្ត្រី ស សុខា អំពាវនាវឱ្យមន្រ្តីដែលពាក់ព័ន្ធគ្រប់ជាន់ថ្នាក់បន្តយកចិត្តទុកដាក់ជាមួយកិច្ចការងារនេះ និងមេត្តាបញ្ជូនរបាយការណ៍ឲ្យទាន់កំណត់ ដើម្បីមានឱកាសបូកសរុបកិច្ចការងារឲ្យទាន់ពេលវេលា៕