(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានគោរពថ្លែងអំណរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានយកចិត្តទុកដាក់ និងតាមដានជាប់ជាប្រចាំលើប្រតិបត្តិការរុករកយន្តហោះ និងអាកាសយានិក

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់​ បានថ្លែងយ៉ាងដូច្នេះថា៖ «គណៈបញ្ជាការរុករកឧទ្ធម្ភាគចក្រ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលបានធ្វើការណែនាំ សាកសួរសុខទុក្ខដល់យើងខ្ញុំទាំងអស់គ្នា ក្នុងការរុករកនេះ»។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងថា នៅក្នុងប្រតិបត្តិការស្វែងរក រុករកឧទ្ធម្ភាគចក្រ និងអ្នកបើកបរទាំងពីរនាក់នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់កងកម្លាំងរុករកជានិច្ច ហើយក៏បានផ្តល់អនុសាសន៍ល្អសម្រាប់ប្រតិបត្តិការរុករកផងដែរ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងថា តាមរយៈការផ្តល់ឱវាទ និងណែនាំ ឧបត្ថម្ភទាំងសម្ភារៈ និងថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកងជំទាវបណ្ឌិត បានធ្វើឱ្យប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រទទួលបានជោគជ័យផងដែរ។

តាងនាមឱ្យកងកម្លាំងរុករកឧទ្ធម្ភាគចក្រ, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធទាំងឡាយនៅក្នុងលោកតាមថែរក្សា បីចាច់សម្តេចធិបតី លោកជំទាវ ព្រមទាំងបុត្រា បុត្រី ឱ្យមានសុខភាពល្អ បរិបូរណ៍ អាយុយឺនយូរ ក្នុងការដឹកនាំប្រទេសកម្ពុជា ឱ្យសម្បូររុងរឿង និងជាម្លប់ដល់យើងខ្ញុំទាំងអស់គ្នា។

គួរឱ្យដឹងថា សពអាកាសយានិក២រូប ដែលបានស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅចំណុចភ្នំយ៉ាវយ៉ៃ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានបូជាហើយ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ នៅក្បែរទីតាំងធ្លាក់ឧទ្ធម្ភាគចក្រ ដើម្បីយកធាតុមកធ្វើបុណ្យតាមប្រពៃណី នៅរាជធានីភ្នំពេញ។ ការបូជាសពនៅក្បែរទីតាំងកើតហេតុនោះ គឺមានការឯកភាពពីក្រុមគ្រួសារ ដោយសារតែស្ថានភាពសភាពសពរបស់ អាកាសយានិកទាំងពីររូបមានការលំបាក ក្នុងការរៀបចំដឹកជូនមករាជធានីភ្នំពេញ។

សូមបញ្ជាក់ថា នាយទាហានទាំង២រូប ដែលជាអាកាសយានិក បានបាត់ខ្លួនជាមួយនឹងឧទ្ធម្ភាគចក្រយោធា Z9 កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ខណៈពេលកំពុងហ្វឹកហ្វឺន នៅតំបន់ជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ក្រោយបាត់ដំណឹងនេះ កងកម្លាំងចម្រុះ បានបើកប្រតិបត្តិការរុករកអស់រយៈពេល១៧ថ្ងៃ ទើបប្រទះឃើញឧទ្ធម្ភាចក្រ នៅចំណុចភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ប៉ុន្តែជាអកុសលនាយទាហានទងពីរបានបាត់បង់ជីវិតទៅហើយ។ សពអាកាសយានិក ខេង ឆៃយុទ្ធ ត្រូវបានរកឃើញល្ងាចថ្ងៃទី២៩ ខែកក្កដា។ ចំណែកសពអាកាសយានិកម្នាក់ទៀតឈ្មោះ ស៊ុន ផល្លា ត្រូវបានរកឃើញនៅវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤៕