(ភ្នំពេញ)៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ទូទាំងរាជធានីភ្នំពេញ ចូលរួមទស្សនាការប្រគុំមន្ដ្រី និងបាញ់កាំជ្រួច អបអរសាទរពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ នៅកោះពេជ្រ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ លោក ម៉េត មាសភក្តី បានបញ្ជាក់ថា នៅថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោនេះ ពោលគឺនៅរាត្រីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ មានការរៀបចំការប្រគុំតន្ត្រី ដែលមានអ្នកចូលរួមប្រមាណជាង១ម៉ឺននាក់ មានការរៀបចំបាញ់កាំជ្រូចនៅទន្លេ៤មុខ ចំនួន២លើក។
លោក ម៉េត មាសភក្តី បានថ្លែងយ៉ាងដូច្នេះថា «មោទនភាពជាតិខ្មែរ! គម្រោងព្រែកជីកហ្វូណនតេជោ! ការប្រគំតន្ត្រី និងបាញ់កាំជ្រួចដ៏អស្ចារ្យនៅរាជធានីភ្នំពេញ!
សូមគោរពអញ្ជើញពុកម៉ែ អ៊ុំពូមីងបងប្អូន លោកយាយលោកតា ប្រជាពលរដ្ឋទាំងអស់ ចូលរួមទស្សនាការប្រគំតន្ត្រីដ៏អស្ចារ្យ និងការបាញ់កាំជ្រួចចម្រុះពណ៌យ៉ាងស្រស់ស្អាតពាសពេញផ្ទៃមេឃ ដើម្បីចូលរួមអបអរសាទរមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅនាល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ។
កម្មវិធីដ៏សែនសប្បាយរីករាយនេះ នឹងមានការចូលរួមសម្តែងពីតារាចម្រៀង តារាសម្តែង សិល្បករ សិល្បការិនីគ្រប់ទម្រង់យ៉ាងច្រើនកុះករ ដើម្បីញ៉ាំងកម្មវិធីឱ្យមានភាពអធិកអធមក្រៃលេង។សូមចូលរួមទាំងអស់គ្នា ដើម្បីបង្ហាញសាមគ្គីភាព ឯកភាពជាតិ និងកិត្យានុភាពជាតិខ្មែរ»។
លោក ម៉េត មាសភក្តី បានបន្ថែមទៀតថា ក្នុងអំឡុងពេលនៃការបើកការដ្ឋាននេះ នៅពេលព្រឹក គ្រប់ខណ្ឌ គ្រប់មន្ទីរចំណុះរដ្ឋបាលរាជធានីភ្នំពេញ ត្រូវរៀបចំអបអរសាទរ ពិធីបើកការដ្ឋាន គម្រោងព្រែកជីកហ្វូណន-តេជោនេះ នៅតាមអង្គភាពរបស់ខ្លួន ឲ្យបានសមស្រប ទាំងការដាក់ទង់ជាតិ ទង់សាសនា និងការទូងស្គរ ឲ្យមានភាព គគ្រឹកគគ្រែង ក្នុងស្មារតីជាតិតែមួយ។ ដោយឡែក វិហារ សាសនានានា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក៏មានការទូងស្គរបែបនេះផងដែរ។
លោក ម៉េត មាសភក្តី បានបន្តទៀតថា សម្រាប់ពេលរាត្រីថ្ងៃ០៥ សីហា នៅកោះពេជ្រ មានការរៀបចំការប្រគុំតន្ត្រី ដែលមានសិល្បករ និងកីឡាករ ល្បីៗរបស់កម្ពុជា និងមានអ្នកចូលរួមប្រមាណ ជាង១ម៉ឺននាក់ ជាមួយនឹងការបាញ់កាំជ្រូចចំនួន២លើក នៅម៉ោង៧៖២០នាទីមួយលើក និងនៅម៉ោង៩៖៩នាទី មួយលើកទៀត។
គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ ជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែម ក្នុងការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណនតេជោនេះ ដោយគ្រោងនឹងបើកការដ្ឋាន នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ៕