(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចការងារ និងជាមិត្តភាព នៅទីក្រុងហាណូយ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤។
នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ គណៈប្រតិភូកម្ពុជា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រីហ្វាប ធិថាញ់ចា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃវៀតណាម នៅទីស្តីការក្រសួងមហាផ្ទៃវៀតណាម ក្នុងទីក្រុហាណូយ។
ក្នុងជំនួបពិភាក្សានោះ ភាគីទាំងពីរបានរម្លឹកពីទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម ដែលគិតមកដល់ពេលនេះគឺមានរយៈពេល៥៧ឆ្នាំ ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ តែងតែផ្លាស់ប្តូរទស្សនកិច្ចផ្លូវរដ្ឋទៅវិញទៅមក។
ជាក់ស្តែង នៅពេលថ្មីៗនេះលោក តូ ឡឹម ប្រធានរដ្ឋវៀតណាម បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ហើយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាម។ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ និងគ្រប់កម្រិតកន្លងមក ព្រមទាំងប្តេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងដោយឈរលើ មូលដ្ឋាន អ្នកភូមិផងល្អ មិត្តភាព សាមគ្គីភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការស្អិតរមួត និងយូរអង្វែង។
បន្ទាប់មកលោក ចាយ បូរិន បានបន្តជួបពិភាក្សាទ្វេភាគី លើវិស័យសាសនាជាមួយលោកបណ្ឌិត វុ ចៀនថាំង អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលបន្ទុកកិច្ចការសាសនាវៀតណាម។ ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរក៏បានសម្តែងនូវការពេញចិត្តនិងវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរនៅគ្រប់កាលៈទេសៈ និងបានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការលើវិស័យសាសនាដោយបន្ត អនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីបម្រើឧត្តមប្រយោជន៍សម្រាប់ប្រទេសនិងប្រជាជនទាំងពីរ។
នៅរសៀលថ្ងៃដដែលនេះដែរលោកចាយ បូរិន បានបន្តដឹកនាំគណៈប្រតិភូចូលថ្វាយបង្គំព្រះតេជគុណ ធិច ថាញ់ញៀវ អនុប្រធានប្រចាំការសមាគមមជ្ឈឹមព្រះពុទ្ធសាសនាវៀតណាម និងបានអញ្ជើញទៅទស្សនាសារៈមន្ទីរហូជីមីញ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ៕