(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុកដាក់ និងខ្វាយខ្វល់ជាប់ជាប្រចាំលើប្រតិបត្តិការរុករកយន្តហោះ និងអាកាសយានិក។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងយ៉ាងដូច្នេះថា៖ «ក្នុងនាមគណៈបញ្ជាការរុករកឧទ្ធម្ភាគចក្រ ជួសមុខឱ្យនាយទាហាន នាយទាហានរង និងពលទាហាន ដែលបានប្រតិបត្តិការរុករក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន ជានិច្ចកាលបានផ្តល់ឱវាទក្នុងការរុករកនេះ ហើយជាពិសេសក្នុងការជួយឧបត្ថម្ភដល់កងកម្លាំងរុករក និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឧបត្ថម្ភចំនួន ៤០០លានរៀល ដល់គណៈបញ្ជាការរុករកនេះ»។
តាងនាមឱ្យកងកម្លាំងរុករកឧទ្ធម្ភាគចក្រ, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធទាំងឡាយនៅក្នុងលោកតាមថែរក្សា បីចាច់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឱ្យមានសុខភាពល្អ បរិបូរណ៍ អាយុយឺនយូរ ជាម្លប់ដល់យើងខ្ញុំទាំងអស់គ្នា។
គួរឱ្យដឹងថា សពអាកាសយានិក២រូប ដែលបានស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅចំណុចភ្នំយ៉ាវយ៉ៃ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានបូជាហើយ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ នៅក្បែរទីតាំងធ្លាក់ឧទ្ធម្ភាគចក្រ ដើម្បីយកធាតុមកធ្វើបុណ្យតាមប្រពៃណី នៅរាជធានីភ្នំពេញ។ ការបូជាសពនៅក្បែរទីតាំងកើតហេតុនោះ គឺមានការឯកភាពពីក្រុមគ្រួសារ ដោយសារតែស្ថានភាពសភាពសពរបស់ អាកាសយានិកទាំងពីររូបមានការលំបាក ក្នុងការរៀបចំដឹកជូនមករាជធានីភ្នំពេញ។
សូមបញ្ជាក់ថា នាយទាហានទាំង២រូប ដែលជាអាកាសយានិក បានបាត់ខ្លួនជាមួយនឹងឧទ្ធម្ភាគចក្រយោធា Z9 កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ខណៈពេលកំពុងហ្វឹកហ្វឺន នៅតំបន់ជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ក្រោយបាត់ដំណឹងនេះ កងកម្លាំងចម្រុះ បានបើកប្រតិបត្តិការរុករកអស់រយៈពេល១៧ថ្ងៃ ទើបប្រទះឃើញឧទ្ធម្ភាចក្រ នៅចំណុចភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ប៉ុន្តែជាអកុសលនាយទាហានទងពីរបានបាត់បង់ជីវិតទៅហើយ។ សពអាកាសយានិក ខេង ឆៃយុទ្ធ ត្រូវបានរកឃើញល្ងាចថ្ងៃទី២៩ ខែកក្កដា។ ចំណែកសពអាកាសយានិកម្នាក់ទៀតឈ្មោះ ស៊ុន ផល្លា ត្រូវបានរកឃើញនៅវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤៕