(កែប)៖ ដើម្បីផ្តល់សេវាសុខភាពសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយសេវាកម្មល្អ និងមានប្រសិទ្ធភាពខ្ពស់ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបំពេញកាតព្វកិច្ចការងារយ៉ាងសស្រាក់សស្រាំ បន្តចុះមកពិនិត្យការបម្រើសេវាសុខភាពសាធារណៈ ជូនប្រជាពលរដ្ឋ តាមមូលដ្ឋានសុខាភិបាលខេត្តកែប រួមមាន មណ្ឌលសុខភាពអង្កោល មណ្ឌលសុខភាពពងទឹក និងមន្ទីរពេទ្យខេត្តកែប។
ក្នុងឱកាសនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី និងក្រុមការងារជំនាញនៃក្រសួងសុខាភិបាល ក៏បានជួបសំណេះសំណាល និងណែនាំពីការថែរក្សាសុខភាពដល់ប្រជាពលរដ្ឋផងដែរ។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី និងក្រុមការងាជំនាញនៃប្រតិភូសុខាភិបាល ក៏បានត្រួតពិនិត្យតាមទីតាំងថែទាំ ទាំងពិគ្រោះក្រៅ ទាំងពិនិត្យផ្ទៃពោះ ទាំងការទុកដាក់ថ្នាំសង្កូវ សម្ភារៈបរិក្ខារ និងអនាម័យតាមគ្រប់ទៅតាមតាំង រួមទាំងបង្គន់អនាម័យសម្រាប់បុគ្គលិក និងអ្នកជំងឺ។
លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី ក៏បានឆ្លៀតណែនាំ និងជំរុញដល់មន្រ្តីសុខាភិបាល ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀតដូចជា ការថែរក្សាទុកដាក់ឱសថ កត់ត្រារក្សាទុកឯកសារអ្នកជំងឺឱ្យបានគត់មុតល្អ ថែរក្សាវ៉ាក់សាំង រក្សាអនាម័យបរិស្ថាន និងបន្ទប់ថែទាំ ឱ្យបានស្អាត ពិសេសធានាឱ្យបានការបម្រើ និងផ្តល់ជូនសេវាពិនិត្យថែទាំសុខភាពជូនប្រជាពលរដ្ឋ ២៤ម៉ោង លើ ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្តាហ៍។
សូមជម្រាបថា បន្ទាប់ពីចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពសុខាភិបាល បម្រើសេវាសាធារណៈនៅមូលដ្ឋានសុខាភិបាលខេត្តកែប លោកសាស្ត្រាចារ្យក៏បានបន្តសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្តកែបផងដែរ។
ក្រោយបញ្ចប់បេសកកម្មនៅមូលដ្ឋានសុខាភិបាលខេត្តកែប នៅរសៀលនេះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី នឹងបន្តដឹកនាំប្រតិភូសុខាភិបាល ចុះពិនិត្យការបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋនៅមូលដ្ឋានសុខាភិបាលខេត្តកំពត៕