(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ, លោក ជា គឿន អនុប្រធានមន្ទីរសង្គមកកិច្ចអតីតយុទ្ធជន និងលោក ជួន សិលាវុិត ប្រធានមូលនិធិជំនួយសង្គម នៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ប្រគល់ថវិកាធានារ៉ាប់រងសង្គម ចំនួន ១៩០,៤០៨,០០០រៀល ជូនក្រុមគ្រួសារសពអតីតយុទ្ធជន ចំនួន២០គ្រួសារ និងអំណោយមនុស្សធម៌របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់ជូនក្រុមគ្រួសារអតីតយុទ្ធជនចំនួន ១៥គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាត រសរស់នៅក្នុងខេត្តកំពង់ធំ។
នាឱកាសនោះដែរ លោក ជួន សិលាវិត បានជម្រាបជូនក្រុមគ្រួសារសពអតីតយុទ្ធជនចំនួន ២០គ្រួសារ ដែលត្រូវទទួលថវិកាធានារ៉ាប់រងសង្គមដែលបានរៀបចំឡើងដោយប្រមុខរាជរដ្ឋាភិបាលនៅពេលនេះថា របបថវិកាធានារ៉ាប់រងសង្គម ដែលគ្រួសារសពនីមួយៗ ត្រូវទទួលបាននៅពេលនេះមានភាពខុសៗគ្នា ទៅតាមឋានន្តរសក្តិ មុខសសញ្ញានៃបប្រភេទពិការ ឬសោធននិវត្តន៍ ឬបាត់បង់សមត្ថភាព និងអតីតភាពការងាររបស់សពអតីតយុទ្ធជននីមួយៗ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់ជីវិតរបស់បងប្អូនអតីតយុទ្ធជនដែលធ្លាប់មានគុណបំណាច់ ចំពោះជាតិមាតុភូមិ និងប្រជាជន និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបងប្អូនអតីតយុទ្ធជនទាំងនោះសូមទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងឱកាសនោះផងដែរ ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងទេសរដ្ឋមន្ត្រី គន់ គីម លោកបានយកចិត្តទុកដាក់គ្រប់បែបយ៉ាងពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជននៅគ្រប់ទីកន្លែង និងគ្រប់ពេល វេលាព្រោះបងប្អូនអតីតយុទ្ធជនបានចូលរួមចំណែកជាមួយសម្ដេចតេជោ ហ៊ុន សែន អនុវត្តន៍នូវនយោបាយឈ្នះឈ្នះ ដែលធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានលើកឡើងថា ថវិកាធានារ៉ាប់រងសង្គមដែលត្រូវប្រគល់ជូនគ្រួសារសពអតីតយុទ្ធជននៅថ្ងៃនេះ គឺដោយសារការផ្ដួចផ្ដើមឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅ និងជាដើមទុនក្នុងការប្រកបមុខរបររកទទួលទានរបស់ក្រុមគ្រួសារសពអតីតយុទ្ធជន ដូច្នេះសំណូមពរដល់គ្រួសារសពអតីតយុទ្ធជន ត្រូវខិតខំប្រកបមុខរបររកទទួលទានចិញ្ចឹមជីវិត ដោយសុចរិតទៀងត្រង់ និងស្របតាមច្បាប់កំណត់។
ក្នុងឱកាសនេះដែរ បានប្រគល់នូវអំណោយមនុស្សធម៌របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់អតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតចំនួន ១៥គ្រួសារផ្សេងទៀត ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន ២៥គីឡូក្រាម មីជាតិចំនួនមួយកេស ទឹកត្រីទឹកស៊ីអ៉ីវ ១យួរ និងត្រីខកំប៉ុងចំនួនមួយយួរផងដែរ៕