(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានចាត់ទុកការរបាយការណ៍វាយតម្លៃ និងការដាក់ចំណាត់ថ្នាក់កម្ពុជា ជាប់លេខ៣ ពាក់ព័ន្ធអំពើជួញដូរមនុស្ស ប្រៀបដូចការអនុវត្តស្ដង់ដារពីរ ហើយមើលមិនឃើញពីអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងកន្លងមកលើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពរួមគ្នា ជាមួយឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ក្នុងពិធីផ្សព្វផ្សាយប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ០៥ឆ្នាំ (២០២៤-២០២៨)» នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានសង្កត់ធ្ងន់ថា ដោយទទួលស្គាល់នូវអ្វីដែលជាការខ្វះខាតកម្ពុជាបំពេញមិនទាន់បាន ប៉ុន្ដែប្រទេសជឿនលឿនខ្លះក៏កើតមានបញ្ហាអំពើជួញដូរមនុស្សនេះដែរ ហើយពេលខ្លះខ្លាំងជាកម្ពុជាថែមទៀតផង។
ឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងយ៉ាងដូច្នេះថា «ពេលខ្លះរឿងតែមួយ ប៉ុន្ដែស្ដង់ដារពីរក្នុងវាយតម្លៃ ធ្វើឲ្យការខិតខំប្រឹងប្រែងរបស់យើងគ្មានតម្លៃ [...] ខ្ញុំទទួលស្គាល់ពីភាពខ្វះខាត ប៉ុន្ដែសូមទទួលយកនូវអ្វីដែលកម្ពុជាខិតខំប្រឹងប្រែងដែរ កុំឲ្យឃើញតែភាពអវិជ្ជមានកើតឡើង ប្រទេសណាក៏កើតឡើងដែរ សូម្បីតែប្រទេសជឿនលឿន»។
ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានកត់សម្គាល់ថា កន្លងទៅអង្គការសហប្រជាជាតិ តាមរយៈអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្ស តែងកំណត់នូវអ្វីដែលកម្ពុជាគួរអនុវត្តតាម ប៉ុន្ដែនៅពេលអនុវត្តតាមរួចហើយ ក៏នៅតែបន្ដវាយតម្លៃមិនល្អចំពោះកម្ពុជា លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះ។
លោកអភិសន្ដិបណ្ឌិត ស សុខា បានអះអាងថា អង្គការសហប្រជាជាតិ បានកំណត់នូវរបៀបរបបប្រជុំ របៀបរាយការណ៍ ដើម្បីឲ្យរាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រកាន់យកតែនៅពេលមុនចេញរបាយការណ៍វាយតម្លៃមិនប្រាប់នូវអ្វីដែលគួរកែតម្រូវ។ លោកស្នើឲ្យស្ថាប័នវាយតម្លៃគួរណាស់តែមើលឃើញពីអ្វីដែលកម្ពុជាបានខិតខំប្រឹងប្រែង។
បើតាមលោកអភិសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី, ប្រទេសកម្ពុជាទៅវិញទេ ដែលក្លាយជាប្រទេសរងគ្រោះដោយសារអំពើជួញដូរមនុស្សនេះ ខណៈអ្នកដែលបញ្ជាឲ្យធ្វើសកម្មភាពសុទ្ធតែមានមូលដ្ឋាននៅក្រៅប្រទេស។ ជាក់ស្ដែង សូម្បីតែប្រទេសដែលធ្វើរបងតាមព្រំដែនចំណាយលុយរាប់ពាន់លានដុល្លារ ក៏នៅតែមានអំពើជួញដូរមនុស្សកើតឡើង។
ប៉ុន្ដែបើទោះបីជាយ៉ាងណា ឧបនាយករដ្ឋមន្ដ្រី ស សុខា បានណែនាំដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ពិនិត្យ និងពង្រឹងការធ្វើរបាយការណ៍ ហើយសិក្សាពីប្រទេសជិតខាងអំពីរបៀបរបបនៃការធ្វើរបាយការណ៍នេះ។ លោកមើលឃើញថា ស្ថានភាពរបស់ប្រទេសជិតខាងអំពើជួញដូរមនុស្ស ប្រហាក់ប្រហែលកម្ពុជា ប៉ុន្ដែការវាយតម្លៃបែរជាល្អជាងកម្ពុជាទៅវិញ។
ឧបនាយករដ្ឋមន្ដ្រី ស សុខា បានបន្ថែមទៀតថា អំពើជួញដូរមនុស្សជាឧក្រិដ្ឋកម្មដ៏ស្មុគស្មាញមួយ ក្នុងចំណោមបញ្ហាផ្សេងនៅក្នុងសង្គមដែលបានបំផ្លិចបំផ្លាញមនុស្សជាតិយ៉ាងធ្ងន់ធ្ងរ ទាំងធនធានមនុស្ស និងសេចក្ដីសុខរបស់មនុស្សគ្រប់វ័យ ស្ថានភាពគ្រប់ទីកន្លែងដែលងាយរងគ្រោះ ពិសេសព្រួយបារម្ភដល់អ្នកបន្ដវេនថែមទៀត។ លោកថា មិនថាប្រទេសតូច ឬធំ អំពើជួញដូរមនុស្សមិនបានស្ងប់ស្ងាត់នៅឡើយទេ នាពេលបច្ចុប្បន្ននេះ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ពាក្យបណ្ដឹងដែលបានប្ដឹងពាក់ព័ន្ធករណីអំពើជួញដូរមនុស្សតាមរយៈទំព័រ Facebook របស់សម្ដេចក្រឡាហោម ស ខេង, ក្រសួងមហាផ្ទៃ និងលោកអភិសន្ដិបណ្ឌិត ស សុខា មានចំនួន១,៨០៦បណ្ដឹង ប៉ុន្ដែបណ្ដឹងពិតប្រាកដមានត្រឹមចន្លោះពី១៥ ទៅ១៧ភាគរយប៉ុណ្ណោះ។ យ៉ាងណាមិញ ក្រោយទទួលបានបណ្ដឹងនេះ សមត្ថកិច្ចពាក់ព័ន្ធបានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីជួយអន្ដរាគមន៍ករណីដែលកើតឡើងពិតប្រាកដ៕