(ស្ទឹងត្រែង)៖ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានជំរុញឱ្យសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងចុះពិនិត្យជាក់ស្តែង លើទីតាំងណាដែលសង្ស័យមានបង្កប់លេងល្បែងស៊ីសង ដើម្បីធានាមិនឱ្យកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។
ការជំរុញបែបនេះរបស់លោក អភិបាលខេត្ត បានធ្វើឡើងក្នុងអញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាកដឹកនាំមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុងស្ទឹងត្រែង នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ដែលមានការចូលរួមពីនាយករងរដ្ឋបាលសាលាខេត្ត,ប្រធានមន្ទីរព័ត៌មានខេត្ត, សមាជិកក្រុមប្រឹក្សាក្រុងស្ទឹងត្រែង គណៈអភិបាលក្រុងវៅសង្កាត់ មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទជាច្រើននាក់ផងដែរ។
លោកអភិបាលខេត្តស្ទឹងត្រែងបានថ្លែងថា៖ «ឥឡូវនេះទីតាំង យើងបានដឹងទាំងអស់គ្នាហើយថា នៅក្នុងខេត្តស្ទឹងត្រែងរបស់មាន៤៩ទីតាំង នៃការដាក់ឱ្យមានលេងល្បែង មានល្បែងឆ្នោតផង Online ផង ជល់មានធម្មតាផង ហើយការលេងជល់មាន់នេះ លេងជល់មានធម្មតាខ្លាចគេចាប់ ឥឡូវបែជាមកជល់មានតាម Online ទៀត។ ការលេងល្បែងនេះជាពិសេសល្បែង Online យើងលែងមិនឈ្នះកំព្យូទ័រទេ ហើយល្បែងតាមការស៊ីណូជាប្រភេទល្បែងដែលគេយកលុយអ្នកមាន ប៉ុន្តែប្រភេទល្បែងលេងតាមផ្ទះ កន្ទុយលេខ ឆ្នោត ឡូតូ និងប្រភេទល្បែង Online នេះ វាធ្វើឱ្យមានភាពក្រីក្រនៅក្នុងគ្រួសារ»។
លោកអភិបាលខេត្តសង្កត់ធ្ងន់ថា៖ «ប្រសិនយើងមិនទប់ស្កាត់ករណីទាំងអស់នេះ (ល្បែងស៊ីសង ចោរកម្ម និងគ្រឿងញៀន) ឱ្យបានទាន់ពេលវេលាទេនៅក្នុងសង្គមនេះ សូមមន្ត្រីឯកសណ្ឋានទាំងអស់ដែលស្ថិតនៅក្រោមគណៈបញ្ជាការឯកភាពពង្រឹងឡើងវិញ។ ហើយសូមព្រមានចំពោះមន្ត្រីដែលមានការពាក់ព័ន្ធទាំងអស់ដោយលោកអភិសន្តិបណ្ឌិត បានណែនាំរួចហើយ ត្រូវដកខ្លួន និងបញ្ឈប់ឱ្យទាន់ ប៉ុន្តែប្រសិនមិនព្រមឈប់ទេ ទោះជាស័ក្កិប៉ុណ្ណា តួនាទីប៉ុណ្ណា ក៏ខ្ញុំដកដែរ»។
លោក សរ សុពុត្រា បានបញ្ជាក់បន្ថែមថា នៅទូទាំងខេត្តស្ទឹងត្រែង មានអាជីវកម្មឆ្នោតតែមួយទេដែលមានអាជ្ញាប័ន ហើយអាជ្ញាប័ននេះ និងផុតកំណត់នៅក្នុងឆ្នាំ២០២៦ ហើយអាជ្ញាប័នឆ្នោតនេះឱ្យអនុវត្តតែក្នុងដែនសមត្ថកិច្ចរបស់ក្រុងទេ ហើយប្រសិនបើឃើញអាជ្ញាប័ននេះទៅអនុវត្តនៅស្រុកផ្សេងអាជ្ញាធរស្រុកត្រូវចាប់ឱ្យបាន៕