(ភ្នំពេញ)៖ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ស្ដីពី កិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ។ ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅនៅបណ្ឌិតសភាភូមិន្ទយុត្តិធម៌កម្ពុជា ក្រោមអធិបតីភាពរបស់ លោកឧបនាយករដ្ឋមន្រ្ដី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និង លោកមជ្ឈត្តករ សាន គីរី ជាប្រធានមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។
តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម និងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នឹងធ្វើការពង្រឹងទំនាក់ទំនង ព្រមទាំងកិច្ច សហប្រតិបត្តិការរវាងស្ថាប័នទាំងពីរដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។
លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ បានថ្លែងថា៖ ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ គឺជាការបោះជំហានថ្មីមួយបន្ថែមទៀត របស់ អ.ដ.ក ស្របទៅតាមផែនការដែលបានគ្រោងទុកហើយនេះ ក៏ជាការរួមចំណែកលើកកម្ពស់យន្តការនៃការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការឱ្យកាន់តែងាយស្រួល កាន់តែសម្បូរបែប កាន់តែខិតជិតប្រជាពលរដ្ឋ នៅមូលដ្ឋាន និងកាន់តែមានប្រសិទ្ធភាពក្នុងការ ដោះស្រាយវិវាទជូនប្រជាពលរដ្ឋ សំដៅសម្រេចឱ្យបាននូវទិសដៅ និងគោលនយោបាយពាក់ព័ន្ធនឹងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងជាក់ស្ដែងនិយមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា។
លោករដ្ឋមន្រ្ដី បានថ្លែងបន្ដទៀតថា ផ្អែកតាមអនុស្សរណៈនៃការយោគយល់គ្នានេះ អ.ដ.ក. នឹងសហការជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ឬមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ដើម្បីចាត់ចែងនីតិវិធីបញ្ចប់ជាស្ថាពរនូវវិវាទ ដែលបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ជូនប្រជាពលរដ្ឋដោយជោគជ័យ ពោលគឺ មេធាវី ឬមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម អាចយកវិវាទដែលខ្លួនបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យស្នើសុំឱ្យ អ.ដ.ក ទទួលស្គាល់ និងរៀបចំផ្ដល់ជាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលមានអនុភាពអនុវត្តដូចសេចក្ដីសម្រេចស្ថាពររបស់តុលាការ ដូចករណីដែលបានដោះស្រាយបញ្ចប់វិវាទក្នុងក្របខ័ណ្ឌ អ.ដ.ក។ បន្ថែមពីនេះ អ.ដ.ក ក៏នឹងសហការជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែក ពាណិជ្ជកម្ម ក្នុងការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីអត្ថប្រយោជន៍នៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ លោកមជ្ឈត្តករ សាន គីរី ជាប្រធាននៃមជ្ឈមណ្ឌលជាតិ នៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម បានបន្ដថា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលបានគាំទ្រ និងជម្រុញអោយមានកិច្ចសហប្រតិបត្តិការ ជាមួយមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ក្នុងគោលបំណងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ តាមរយៈការសម្រុះ សម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។
តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ មជ្ឈមណ្ឌលជាតិ នៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម និងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នឹងអាចពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។
បន្ថែមពីនេះ លោកមជ្ឈត្តករ សាន គីរី ក៏បានសង្ឃឹមជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ នឹងជម្រុញកំណើននៃការវិនិយោគនៅក្នុងប្រទេសកម្ពុជា តាមរយៈការពង្រឹង និងការអភិវឌ្ឍយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលមានប្រសិទ្ធភាព ភាពឆាប់រហ័ស ចំណាយអស់តិច និងយុត្តិធម៌ ជូនដល់ធុរជនដែលវិនិយោគក្នុងប្រទេសកម្ពុជា។