(កណ្ដាល)៖ លោក ថុន ចេតនា ដែលគេស្គាល់ថា ជាមន្ត្រីជលផលចតុមុខ តែងមានមុខនៅក្នុងស្រុកកោះធំ ខេត្តកណ្ដាល ត្រូវបានប្រជាពលរដ្ឋម្នាក់ដាក់ពាក្យបណ្ដឹង តំណាងឲ្យប្រជាពលរដ្ឋ ជាច្រើនគ្រួសារក្នុងបទនាំអ្នកនេសាទ ជាជនជាតិវៀតណាមចូលមក ប្រព្រឹត្តបទល្មើសនេសាទនៅក្នុងទឹកដីខ្មែរ និងកាងឈ្មួញនាំសត្វព្រៃយក ទៅលក់នៅប្រទេសវៀតណាមវិញ ដោយដឹកតាមមធ្យោបាយ ទូករបស់សមត្ថកិច្ច ដែលលោកជិះបង្ក្រាបបទល្មើសទៀតផង។
តាមពាក្យបណ្ដឹង របស់ប្រជាពលរដ្ឋមួយរូបឈ្មោះ លឹម សាត ដែលបានដាក់ចូលទៅ ខណ្ឌរដ្ឋបាលជលផលកណ្ដាល ឲ្យជួយដោះ ស្រាយ និងចែកចាយទៅដល់ អ្នកកាសែតផងនោះ បានអះអាងថា លោកថុន ចេតនា ក្នុងនាមជាមន្ត្រីជលផល មានសមត្ថកិច្ចបាននាំ អ្នកនេសាទជាជនជាតិវៀតណាម ចូលមកធ្វើសកម្មភាពនេសាទ ល្មើសច្បាប់នៅក្នុងទឹកដីខ្មែរយើង ដូចជាចូលអូសអួន ឆក់ត្រីនៅតំបន់ អភិរក្សសហគមន៏ជ្រោយស្នោ ស្ថិតនៅក្នុងឃុំព្រែកជ្រៃ ស្រុកកោះធំ និងនៅតំបន់សហគមន៏សណ្ដា ក្នុងស្រុកលើកដែកជាដើម។ ក្រៅពី នេះគេក៏ឧស្សាហ៍ឃើញលោកកាងឈ្មួញ នាំសត្វព្រៃដូចជាអណ្ដើក ពស់ចេញទៅប្រទេសវៀតណាម ដោយដឹកតាមទូករបស់ជលផល ដែលជិះសំរាប់ល្បាតបង្ក្រាបបទល្មើស រាល់ថ្ងៃទៀតផង។
ផ្លូវដែលគេចោទថា លោក ថុន ចេតនា នាំសត្វព្រៃយកទៅលក់នៅប្រទេសវៀត ណាមនោះរួមមានចេញតាម ច្រករបៀងឡស្រាខ្នាតាំងយូ និងចេញតាមក្រោមស្ពាន ព្រែកអំបិល ឆ្ពោះទៅព្រែកបាក់ដៃ ខេត្តតាកែវដោយ យកស្បៃសៃយឺនគ្របពីលើកុំអោយ គេមើលឃើញទៀតផង។
ពាក់ព័ន្ធពាក្យបណ្ដឹងខាងលើនេះ លោក លឹម សាត ដែលជាម្ចាស់បណ្ដឹង បានថ្លែងប្រាប់ Fresh News ឲ្យដឹងតាមទូរស័ព្ទ នៅរសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះឲ្យដឹងថា លោកពិតជាបានដាក់ពាក្យបណ្ដឹង ពិតប្រាកដមែន ព្រោះលោកមាន មេម៉ូរីថតសំលេងបាន មិនតែប៉ុណ្ណោះ កន្លងមកលោក ថុន ចេតនា ធ្លាប់យកទូករបស់លោក ឲ្យជួយជូនទៅបង្ក្រាបបទល្មើស តែតាមពិត គឺគាត់ឲ្យជូនទៅដឹក សត្វព្រៃកាងឲ្យឈ្មួញនាំ ចេញទៅប្រទេសវៀតណាម តែប៉ុណ្ណោះ។
ពាក្យព័ន្ធបណ្ដឹងខាងលើនេះ នៅរសៀលថ្ងៃដដែល Fresh News បានធ្វើការទំនាក់ទំនងទៅលោក ថុន ចេតនា ដើម្បីធ្វើការបំភ្លឺជុំវិញការចោទប្រកាន់ខាងលើនេះ ដោយលោក ថុន ចរតនា បានបញ្ជាក់ថា រឿងរ៉ាវដែលបានចោទប្រកាន់រូបលោកខាងលើ គឺមិនពិតនោះទេ ពោលបុគ្គលដែលប្ដឹងលោក គឺជាអតីតប្អូនធម៌របស់លោក ហើយគ្រាន់តែជារឿងកាច់កុងច្រណែនឈ្នានីសគ្នា ក្នុងការងារមូលដ្ឋានតែប៉ុណ្ណោះ។
លោក ថុន ចេតនា បានបន្ថែមថា លោកមិនបានប្រព្រឹត្ត ឬកាងជនជាតិវៀតណាមឲ្យធ្វើបែបនេះឡើយ ហើយបើមិនជឿទេ លោកសូមឲ្យមានការស៊ើបសួរបងប្អូន ប្រជាពលរដ្ឋខ្មែរ នៅតំបន់នោះដោយផ្ទាល់ និងដោយជាក់ស្ដែងថា លោកពិតជាមនុស្សបែបនេះ ឬយ៉ាងណា៕