សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការចូលរួមរបស់ស្ត្រីក្នុងសកម្មភាពសេដ្ឋកិច្ច មិនត្រឹមតែជំរុញការអភិវឌ្ឍសហគ្រាស តែរួមចំណែកពង្រឹងភាពធន់ និងចីរភាពសេដ្ឋកិច្ចក្នុងសហគមន៍ (Video inside)
01-08-2024 11:34
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការចូលរួមកាន់តែសកម្មរបស់ស្ត្រី នៅក្នុងសកម្មភាពសេដ្ឋកិច្ច តំបន់ និងអន្តរជាតិ មិនត្រឹមតែអាចជំរុញការអភិវឌ្ឍសហគ្រាសរបស់ពួកគេប៉ុណ្ណោះទ ប៉ុន្តែថែមទាំងរួមចំណែកដល់ការពង្រឹងភាពធន់ និងចីរភាពនៃសេដ្ឋកិច្ច ក្នុងសហគមន៍ និង ប្រទេសជាតិទាំងមូល។
ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ស្ត្រីគឺជាបេះដូងនៃគ្រួសារ, ជាព្រលឹងនៃសហគមន៍ និងជាវិចារណញ្ញាណនៃប្រជាជាតិ។
ការបីបាច់ថែរក្សារបស់ស្ត្រី ផ្ដល់ឱ្យមានតុល្យភាព, ប្រាជ្ញាស្មារតីរបស់ស្ត្រី ជួយនាំឱ្យមានការ សម្រេចចិត្តដ៏ត្រឹមត្រូវ, ហើយភាពជាអ្នកដឹកនាំ ប្រកបដោយការចេះយល់ចិត្តរបស់ស្ត្រី ជំរុញឱ្យមានភាពសុខដុមរមនា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ការចូលរួមកាន់តែសកម្មរបស់ស្ត្រីនៅក្នុងសកម្មភាពសេដ្ឋកិច្ច តំបន់ និងអន្តរជាតិ មិនត្រឹមតែអាចជំរុញការអភិវឌ្ឍសហគ្រាសរបស់ពួកគេប៉ុណ្ណោះទ ប៉ុន្តែថែមទាំងរួមចំណែកដល់ការពង្រឹងភាពធន់ និងចីរភាពនៃសេដ្ឋកិច្ច ក្នុងសហគមន៍ និងប្រទេសជាតិទាំងមូលផងដែរ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងស្មារតីនេះ ព្រឹត្តិការណ៍ក្នុងថ្ងៃនេះ គឺជាកាលានុវត្តភាពដ៏សំខាន់ សម្រាប់ការផ្ដល់ សិទ្ធិអំណាចដល់សហគ្រិនស្ត្រី និងឆ្លុះបញ្ចាំងឱ្យឃើញពីការរួមចំណែក និងសក្ដានុពលដ៏ ធំធេងរបស់ស្ត្រី ក្នុងការអភិវឌ្ឍសហគមន៍ធុរកិច្ច និងកំណើនសេដ្ឋកិច្ច នៅកម្ពុជា ក៏ដូចជានៅ ក្នុងតំបន់អាស៊ានទាំងមូល។
សម្តេចធិបតី ហ៊ុន ម៉ាណែត ព្រឹត្តិការណ៍នេះក៏ជាកាលានុវត្តភាពដ៏ពិសេស សម្រាប់ការផ្លាស់ប្តូរចំណេះដឹង ការកសាងសមត្ថភាព និងកិច្ចសហការនានា ដែលអនុញ្ញាតឱ្យសហគ្រិនស្ត្រីអាចអភិវឌ្ឍយុទ្ធសាស្ត្រ បង្កើនសមត្ថភាពអាជីវកម្ម និងភាពប្រកួតប្រជែង ចែករំលែក ឧត្តមានុវត្តន៍ និងភ្ជាប់ខ្លួនទៅនឹងបណ្តាញធនធាន ទំនាក់ទំនង និងទីផ្សារដ៏ធំទូលាយ។
ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសហគ្រិនស្ត្រីគ្រប់រូប សម្រាប់កិច្ចខិតខំប្រឹងប្រែង ភាពជោគជ័យ និងការចូលរួមចំណែកដល់ប្រទេសជាតិ ក៏ដូចតំបន់អាស៊ានទាំងមូល។
«ព្រឹត្តិការណ៍ក្នុងថ្ងៃនេះ គឺជាភស្តុតាងមិនអាចប្រកែកបាននៃស្មារតីអង់អាចរបស់ស្ត្រីអាស៊ាន ដែលហ៊ានជម្នះឧបសគ្គ មានមហិច្ឆតា និងហ៊ានដឹកនាំ»៕ នេះជាការលើកឡើងបន្ថែមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៕