(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងភរិយា ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ត្រីរាជការសាលាខេត្តសៀមរាប បានអញ្ជើញទៅចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៦ ជាមួយពុទ្ធបរិស័ទនៅវត្តភ្នំក្រោម សង្កាត់សៀមរាប និងវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងខេត្តសៀមរាប។
បន្ទាប់ពីការគោរពថ្វាយភូងផ្កាបូជាទៀនធូកចំពោះព្រះពុទ្ធរូបព្រះសម្មាសាម្ពុទ្ធ និងនមសកាព្រះរតនត្រ័យ ទៅតាមគន្លងព្រះធម៌ព្រះសម្មាសាម្ពុទ្ធរួចមក លោកបណ្ឌិត ឃឹម ប៊ុនសុង និង លោកស្រី ព្រមទាំងមន្ត្រីរាជការ និង ពុទ្ធបរិស័ទ បានធ្វើការវេរប្រគេននូវទ័យ្យទានវត្ថុដល់ព្រះសង្ឃ ដើមី្បសម្រាប់ប្រើប្រាស់នៅក្នុងពេលព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងទីវត្តភ្នំក្រោម និង វត្តស្វាយនេះ ដោយមួយៗវត្តរួមមានអង្ករ២៥០គក្រ មី០៥កេស ទឹកក្រូច១០កេស ទឹកត្រី០៥យួរ ទឹកស៊ីអ៊ីវ០៥យួរ ទឹកសុទ្ធ១០កេស ត្រីខ០៥យួរ ស្ករស១០គក្រ និង ទឹកដោះគោ ០១កេស បច្ច័យចំនួន២លានរៀល និង សីលវ័ន្តសីលវន្តី ម្នាក់ៗ ក្រណាត់ស ០១ដុំ បច្ច័យ ១ម៉ឺនរៀល ផងដែរ។
លោក ឃឹម ប៊ុនសុង បានលើកឡើងថា ក្រោមគោលនយោបាយឈ្នះៗ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ហើយប្រជាពុទ្ធបរិស័ទ មានសិទ្ធធ្វើនូវបុណ្យទាន ទៅតាមគន្លងព្រះពុទ្ធសាសនា ហើយរដ្ឋធម្មនុញ្ញបានចាត់ទុកសាសនាជាសាសនារបស់រដ្ឋ។
លោកបានបន្ថែមថា ការប្រារព្ធធ្វើពិធីបុណ្យភ្ជំបិណ្ឌនេះឡើង ក្នុងគោលបំណង ដើមី្បឧទ្ទិសមហាកុសលជូនដល់លោកអ្នកមានគុណ មានមាតាបិតា ជីដូន ជីតា ញាតិកាលទាំង៧សណ្តាន ដែលបានបាក់បែកចែកឋាន ទៅកាន់បរលោកទៅហើយនោះ និងជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយ និងឲ្យបានទៅកាន់សុគតិភពថ្មី ហើយងាកក្រោយមកជួយបីបាច់ថែរក្សាកូនចៅ ឲ្យមានសេចក្តីសុខសប្បាយ ក្នុងក្រុមគ្រួសារ សង្គមជាតិផងដែរ។ លោកក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពុទ្ធបរិស័ទ ដែលគ្រប់អាយុបោះឆ្នោត ត្រូវទៅចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មីឲ្យបានគ្រប់ៗគ្នា ដើមី្បបំពេញនូវកាតព្វកិច្ចជាពលរដ្ឋមួយរូប ក្នុងការជ្រើសរើស តំណាងរបស់ខ្លួន ក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិ។
សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ត្រូវបានរៀបចំរយៈពេល១៥ថ្ងៃ ដោយចាប់គិតពីថ្ងៃទី ០១ រោចដល់ថ្ងៃ១៥រោច ខែភទ្របទ សម្រាប់ឧទ្ទិសកុសលទៅដល់ប្រេតជនញាតិ ដែលបានស្លាប់ទៅនោះ តាមការបញ្ជាក់របស់តាអាចារ្យបានឲ្យដឹងថា ក្នុងជំនឿកាន់បិណ្ឌនេះត្រូវបានប្រជាពលរដ្ឋខ្មែរនាំគ្នា គោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន តាំងពីសម័យបុរាណរហូតមកដល់សតវត្សរ៍ទី២១នេះ៕