(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ បានបង្ហាញវីដេអូឃ្លីបមួយ ស្តីពីសកម្មភាពរបស់សម្តេចបានជួបសួរសុខទុក្ខ អំពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋម្នាក់ ពេលរូបគាត់ កំពុងបង់ត្រី នៅតាមបណ្តោយផ្លូវជាប់ព្រំដែន ក្នុងឱកាសដែលសម្តេចចុះពិនិត្យសកម្មភាពស្ថាបនាផ្លូវជាប់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងមណ្ឌលគិរី កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅនេះ។
សម្តេចធិបតីបានបង្ហោះវីដេអូខ្លីអមដោយសារខ្លឹមសារដូច្នេះថា «ខ្ញុំបានសួរប្អូនប្រុសម្នាក់ ដែលកំពុងបង់ត្រីនៅតាមបណ្ដោយផ្លូវជាប់ព្រំដែន ដែលរាជរដ្ឋាភិបាលបានធ្វើ ថាគាត់ធ្វើការងារអ្វីរាល់ថ្ងៃក្រៅពីរកត្រី? គាត់ថាគាត់មានចម្ការកៅស៊ូទំហំ ១ហិចតាដែលគាត់បានដាំ ៨ឆ្នាំ (បានជាជ័រ៣ឆ្នាំហើយ) និង ១ហិចតាទៀតដាំស្វាយចន្ទី។ ឆ្នាំនេះកៅស៊ូបានឡើងថ្លៃល្អហើយគាត់សប្បាយចិត្ត។
ប្អូនប្រុសម្នាក់នេះ គាត់ប្រើយុទ្ធសាស្ត្រពិពិធកម្មសេដ្ឋកិច្ច ដោយដាំទាំងកៅស៊ូ និងស្វាយចន្ទី ករណីមួយធ្លាក់ថ្លៃនៅឆ្នាំខ្លះ អាចមានមួយទៀតនៅទប់។ ប៉ុន្តែឆ្នាំនេះ និងឆ្នាំកន្លងទៅ ទាំងកៅស៊ូ និងស្វាយចន្ទីបានតម្លៃល្អ ដែលកាន់តែល្អសម្រាប់គាត់»៕