(ភ្នំពេញ)៖ សម្តេចមហាបវរធិបតីធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្លាំងដ៏មុតស្រួច និងការណែនាំដ៏ទន់ភ្លន់របស់ស្រ្តី បានជួយរក្សាលំនឹងរបស់យើង នៅពេលឆ្លងកាត់កាលៈទេសៈដ៏ច្របូកច្របល់ និងអនុញ្ញាតឱ្យប្រទេសជាតិ មានការរីកចម្រើន ការផ្ដល់តម្លៃ និងផ្តល់ការគោរពចំពោះស្រ្តី បានដក់ជាប់យ៉ាងជ្រៅនៅក្នុងវប្បធម៌ ប្រពៃណី និងការអប់រំប្រៀនប្រដៅរបស់យើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅកម្ពុជា មូលដ្ឋានគ្រឹះនៃសង្គមដែលប្រកបដោយសន្តិភាព ភាពសុខដុមរមនា និង ភាពធន់ ត្រូវបានរួមចំណែកបង្កើតឡើងដោយស្រ្តីខ្មែរជាច្រើនជំនាន់។ ម្ដាយ និងជីដូនរបស់យើង និងស្ត្រីជាច្រើនជំនាន់ បានចិញ្ចឹមបីបាច់គ្រួសារយើង រក្សាប្រពៃណី និងបន្តគុណតម្លៃនៃសេចក្ដីមេត្តា ការគោរព និងសាមគ្គីភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្លាំងដ៏មុតស្រួច និងការណែនាំដ៏ទន់ភ្លន់របស់ស្រ្តី បានជួយរក្សាលំនឹងរបស់យើង នៅពេលឆ្លងកាត់កាលៈទេសៈដ៏ច្របូកច្របល់ និងអនុញ្ញាតឱ្យប្រទេសជាតិមានការរីកចម្រើន។ ការផ្ដល់តម្លៃ និងការគោរពចំពោះស្រ្តីបានដក់ជាប់យ៉ាងជ្រៅនៅក្នុងវប្បធម៌ ប្រពៃណី និងការអប់រំប្រៀនប្រដៅរបស់យើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាក់ស្តែង, កម្ពុជាប្រើពាក្យ «មេ» នៅគ្រប់មជ្ឈដ្ឋានក្នុងសង្គម ដើម្បីបញ្ជាក់ពីអត្ថន័យដ៏ចម្បងនៃការផ្តល់តម្លៃខ្ពស់បំផុតដល់ស្ត្រី ដោយសារពាក្យនេះភ្ជាប់ជាមួយនឹងកិត្តិយស មុខតំណែង និងតួនាទីខ្ពស់បំផុត ទាំងក្នុងវិស័យឯកជន និងសាធារណៈ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងប្រវត្តិសាស្ត្រដ៏សម្បូរបែប និងរស់រវើករបស់កម្ពុជា ស្ត្រីតែងបានកាន់តំណែងប្រកបដោយអំណាច និងឥទ្ធិពល ហើយបានបន្សល់ទុកនូវស្នាដៃកេរដំណែលយ៉ាងធំធេងដល់ការអភិវឌ្ឍប្រទេសជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្ត្រីកម្ពុជាតែងរួមចំណែកលើសពីតួនាទីបែបប្រពៃណីរបស់ស្ត្រី និងបានបង្ហាញពីភាពជាអ្នកដឹកនាំដ៏ពិសេសក្នុងទិដ្ឋភាពផ្សេងៗ។ ជាក់ស្ដែង ព្រះរាជនីទី១របស់កម្ពុជា គឺព្រះនាងសោមា ឬព្រះនាងលីវយី ដែលបានសោយរាជ្យនៅនគរភ្នំ (ហ្វូណន) នាដើមសម័យកកើតរាជាណាចក្រខ្មែរ។ ភាពជាអ្នកដឹកនាំ និងសមត្ថភាពខាងយោធាដ៏រឹងមាំរបស់ព្រះនាង បានបង្រួបបង្រួម និងពង្រីកឥទ្ធិពលជាតិ តាមរយៈពាណិជ្ជកម្ម និងការទូត ដោយការណ៍នេះបានធ្វើឱ្យព្រះនាងក្លាយជាគំរូ សម្រាប់មេដឹកនាំស្ត្រីនាជំនាន់ក្រោយៗ។ យើងក៏មានស្ត្រីដ៏អស្ចារ្យដទៃទៀត ដូចជា ព្រះនាងជ័យរាជទេវី ព្រះនាងឥន្ទ្រទេវីជាដើម ដែលបានចូលរួមចំណែកកសាងប្រវត្តិសាស្ត្រនៃប្រជាជាតិយើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វីរភាពរបស់មេដឹកនាំស្ត្រីគំរូទាំងនេះតែងផ្តល់ជាការបណ្ដុះគំនិត និងរំឭកអំពីកម្លាំង ភាពឈ្លាសវៃ និងភាពធន់របស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំ។ ឈរលើកេរដំណែលដ៏សម្បូរបែបនេះ យើងទទួលស្គាល់ការរួម ចំណែកដ៏ធំធេងរបស់ស្ត្រី នៅក្នុងប្រវត្តិសាស្ត្រ មិនត្រឹមតែជាមហាក្សត្រី និងមេដឹកនាំប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសហគ្រិន នវានុវត្តជន អ្នកផ្តល់ការថែទាំ និងអ្នកកសាងសហគមន៍ផងដែរ៕