(ភ្នំពេញ)៖ ថ្លែងនាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​បើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា កម្ពុជាប្រើពាក្យ «មេ» នៅគ្រប់មជ្ឈដ្ឋានក្នុងសង្គមដើម្បីបញ្ជាក់ពីអត្ថន័យដ៏ចម្បងនៃការផ្តល់តម្លៃខ្ពស់បំផុតដល់ស្ត្រី។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះថា «កម្ពុជាប្រើពាក្យ «មេ» នៅគ្រប់មជ្ឈដ្ឋានក្នុងសង្គម ដើម្បីបញ្ជាក់ពីអត្ថន័យដ៏ចម្បង នៃការផ្តល់តម្លៃខ្ពស់បំផុតដល់ស្ត្រី ដោយសារពាក្យនេះ​ភ្ជាប់ជាមួយ​នឹងកិត្តិយស, មុខតំណែង និងតួនាទីខ្ពស់បំផុតទាំងក្នុងវិស័យឯកជន និងសាធារណៈ»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ក្នុងប្រវត្តិសាស្ត្រដ៏សម្បូរបែប និងរស់រវើករបស់កម្ពុជា ស្ត្រីតែងបានកាន់តំណែងប្រកបដោយអំណាច និងឥទ្ធិពល ហើយបានបន្សល់ទុកនូវស្នាដៃ​​កេរ្តិ៍តំណែលយ៉ាងធំធេង ដល់ការអភិវឌ្ឍប្រទេសជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ស្ត្រីកម្ពុជាតែងតែបានរួមចំណែកលើសពីតួនាទីបែបប្រពៃណីរបស់ស្ត្រី និងបានបង្ហាញពីភាពជាអ្នកដឹកនាំដ៏ពិសេស ក្នុងទិដ្ឋភាពផ្សេងៗ។ ជាក់ស្ដែង ព្រះរាជាទីមួយរបស់កម្ពុជា គឺ ព្រះនាងសោមា ឬ ព្រះនាងលីវយី ដែលបានសោយរាជ្យនៅនគរហ្វូណន មុនសម័យអង្គរ។ ភាពជាអ្នកដឹកនាំ និងសមត្ថភាពខាងយោធាដ៏រឹងមាំរបស់ព្រះនាង បានបង្រួបបង្រួម និងពង្រីកឥទ្ធិពលជាតិតាមរយៈពាណិជ្ជកម្ម និងការទូត ដោយការណ៍នេះ បានធ្វើឱ្យព្រះនាងក្លាយជាគំរូ សម្រាប់មេដឹកនាំស្ត្រី ក្នុងជំនាន់ក្រោយៗ។ យើងក៏មានស្ត្រីដ៏ អស្ចារ្យដទៃទៀតដូចជា៖ ព្រះនាងជ័យរាជទេវី, ព្រះនាងសោមា, ព្រះនាងឥន្ទ្រទេវី ដែលបានចូលរួមចំណែកកសាងប្រវត្តិសាស្ត្រនៃប្រជាជាតិយើង។

បន្ថែមពីនេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា វីរភាពរបស់មេដឹកនាំស្ត្រីគំរូ ទាំងនេះតែងផ្តល់ជាការបណ្ដុះគំនិត និងរំឭកអំពីកម្លាំង, ភាពឈ្លាសវៃ និងភាពធន់របស់ស្ត្រី ក្នុងភាពជាអ្នកដឹកនាំ។ ឈរលើកេរ្ដិ៍ដំណែលដ៏សម្បូរបែបនេះ, យើងទទួលស្គាល់ការរួមចំណែកដ៏ធំធេងរបស់ស្ត្រី នៅក្នុងប្រវត្តិសាស្ត្រ មិនត្រឹមតែជាមហាក្សត្រី និងមេដឹកនាំប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសហគ្រិន, នវានុវត្តជន, អ្នកផ្តល់ការថែទាំ និងអ្នកកសាងសហគមន៍ផងដែរ៕