(តូក្យូ)៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានឲ្យដឹងថា យន្តហោះចម្បាំងមួយគ្រឿងរបស់យោធាអាមេរិក ត្រូវបានគេរាយការណ៍ការថា បានធ្លាក់ទៅក្នុងសមុទ្រនៅក្បែរឆ្នេរនៃកោះ Okinawa ភាគខាងត្បូង ប្រទេសជប៉ុន ដែលនៅថ្ងៃម្សិលមិញនេះ ក៏មានការរាយការណ៍អំពីការធ្លាក់យន្តហោះ ឈ្លបយកការណ៍ មួយគ្រឿង របស់អាមេរិកផងដែរ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មានរុស្ស៊ី RT នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៦។
យន្តហោះចម្បាំងអាមេរិក ដែលគេជឿជាក់ថាជាយន្តហោះធុន AV-8B Harrier II ត្រូវបានដាក់បញ្ឈរជើង នៅមូលដ្ឋានទ័ពអាមេរិកនៅលើកោះ Okinawa ហើយបើយោងតាមសារព័ត៌មានជប៉ុន Okinawa Times យន្តហោះនោះ បានធ្លាក់ចូលទៅក្នុងឈូងសមុទ្រភាគខាងកើតនៃកោះ Okinawa។
នៅក្រោយហេតុការណ៍នេះ ពីឡុតត្រូវបានជួយសង្រ្គោះទាន់ពេលវេលា ខណៈក្រុមឆ្មាំសមុទ្របានបន្ត ប្រតិបត្តិការ ដោយប្រើឧទ្ធម្ភាគចក្រនិងទូកល្បាត ដើម្បីស្វែងរកយន្តហោះដែលបានធ្លាក់ចូល ទៅក្នុងសមុទ្រ និងមិនទាន់ត្រូវបានរកឃើញនៅឡើយ៕