(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញផ្សព្វផ្សាយប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស០៥ឆ្នាំ (២០២៤-២០២៨)»។
កម្មវិធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង/ស្ថាប័ន ជាសមាជិកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការដៃគូជាតិ អន្តរជាតិពាក់ព័ន្ធ ប្រមាណ៣៥០នាក់។
ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (២០២៤-២០២៨) ជាផែនទីបង្ហាញផ្លូវ និងជាឯកសារបង្អែក សម្រាប់គ្រប់ក្រសួង-ស្ថាប័ន ជាសមាជិកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គភាពពាក់ព័ន្ធ រៀបចំផែនការសកម្មភាពអនុវត្ត ដើម្បីឆ្លើយតប នឹងប្រយុទ្ធប្រឆាំងទៅនឹងគ្រប់ទម្រង់ទាំងអស់នៃអំពើជួញដូរមនុស្សប្រាំឆ្នាំទៅមុខ ក្នុងគោលដៅកាត់បន្ថយ និងលុបបំបាត់ជាបណ្តើរៗនូវអំពើជួញដូរមនុស្ស លើកកម្ពស់ការគោរពសិទ្ធមនុស្ស ផលប្រយោជន៍ និងសេចក្តីថ្លៃថ្នូរបស់មនុស្សជាតិ៕