(រតនគិរី)៖ ក្រសួងបរិស្ថាន បានប្រកាសដាក់ចេញគម្រោង «កម្ពុជាស្អាត គ្មានសំរាមប្លាស្ទិកនៅតាមផ្លូវ ក្នុងឆ្នាំ២០២៥»។
តាមរយៈគម្រោងនេះក្រសួង ជំរុញឱ្យមានការប្រឡងប្រណាំង របស់អាជ្ញាធររាជធានី និងខេត្តនានានៅកម្ពុជា ដើម្បីចូលរួមបំផុសគំនិតស្អាត គ្មានសំរាមប្លាស្ទិកនៅតាមផ្លូវ ក្នុងឆ្នាំ២០២៥ ជាមួយគ្នានេះ ខេត្តណាដែលមិនមានសំរាមប្លាស្ទិក នៅតាមផ្លូវនឹងទទួលបានរង្វាន់លើកទឹកចិត្ត ពីក្រសួងបរិស្ថាន។
នេះបើតាមការឱ្យដឹងរបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងពេលអញ្ជើញជាអធិបតីនៃពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយមន្រ្តីរាជការមន្ទីរបរិស្ថានខេត្តរតនគិរី នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៤។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានសម្តែងនូវការសាទរចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សំណាក់សិស្សានុសិស្ស ប្រជាពលរដ្ឋ ព្រះសង្ឃ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចូលរួមយុទ្ធនាការការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅក្នុងរាជធានី ខេត្តទូទាំងប្រទេស គឺផ្តើមចេញពីការចូលរួមប្តេជ្ញាចិត្ត និងការចូលរួមធ្វើសកម្មភាពសម្អាតអនាម័យបរិស្ថាន និងចូលរួមប្លាស្ទិកយ៉ាងផុសផុល។
សូមរម្លឹកជូនថា តាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិក» របស់ក្រសួងបរិស្ថាន មានប្រជាពលរដ្ឋជាង ៨,៧ លាននាក់ហើយបានចូលរួមនៅក្នុងយុទ្ធនាការ និងបានធ្វើឱ្យកម្ពុជាស្អាតមិនមានសំរាមប្លាស្ទិក ទន្ទឹមនឹងនេះក៏បានកាត់បន្ថយការនាំចូលថង់ប្លាស្ទិកប្រមាណជាង ៧០% នៅដើមឆ្នាំ២០២៤៕