(តាកែវ និងកំពត)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស) នាថ្ងៃទី២៩-៣០ ខែកក្កដា ឆ្នាំ២០២៤ បានរៀបចំវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលនៅខេត្តតាកែវ កំពត និងកែប ក្រោមអធិបតីភាពលោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស ដោយមានការចូលរួមពីលោក ស៊ុត ខុន អភិបាលរងខេត្តតាកែវ និងលោក អ៊ឹង ឆាយ អភិបាលរងខេត្តកំពត តំណាងអង្គការសង្គមស៊ីវិលនៅក្នុងខេត្តទាំង៣ រួមទាំងសមាជិកដៃគូសហការរបស់ វ.ស.ស.។
នេះគឺជាកិច្ចប្រជុំដែល វ.ស.ស រៀបចំធ្វើជារៀងរាល់ឆ្នាំ ដើម្បីស្វែងយល់ពីសុខទុក្ខរបស់អង្គការសង្គមស៊ីវិល នៅថ្នាក់ក្រោមជាតិ និងដើម្បីពង្រឹងពង្រីកភាពជាដៃគូសហការជាមួយអង្គការស៊ីវិល។
បន្ថែមលើនេះ ឆ្នាំនេះ វ.ស.សបានជ្រើសរើសប្រធានបទស្តីពី «ការឈ្វេងយល់ពីតួនាទីអង្គការសង្គមស៊ីវិល ក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១» និងផ្សព្វផ្សាយពីអត្ថប្រយោជន៍ជាច្រើន ដែលអង្គការសង្គមស៊ីវិលទទួលបានពីកម្មវិធីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដោយមានការចូលរួមធ្វើបទបង្ហាញពីតំណាង ប.ស.ស. ប្រចាំខេត្តនីមួយៗ។
នៅក្នុងឱកាសនោះ លោក កឹមរ័ត្ន វិសិដ្ឋ បានគូសបញ្ជាក់ថា ជានិច្ចជាកាល រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពក្លៀវក្លា និងវាងវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅតែបន្តយកចិត្តទុកដាក់ និងផ្តល់សារសំខាន់ដល់តួនាទីរបស់អង្គការសង្គមស៊ីវិលដែលជាដៃគូដ៏សំខាន់ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែក របស់អង្គការសង្គមស៊ីវិលជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ រាជរដ្ឋាភិបាលតែងតែបង្កឱ្យមានលំហបរិយាកាសសេរី និងបើកចំហរដល់អង្គការសង្គមស៊ីវិល អាចធ្វើសកម្មភាពទៅតាមតួនាទី និងភារកិច្ចរៀងៗខ្លួន។
អង្គវេទិកាទាំងមូលបានបើកឱ្យមានការពិភាក្សាយ៉ាងផុសផុល និងមានការចូលរួមយ៉ាងសកម្មពីសំណាក់អង្គការសង្គមស៊ីវិល ដែលចូលរួម ដោយពួកគាត់បង្ហាញពីការពេញចិត្ត ចំពោះការរៀបចំវេទិកានេះ ដែលផ្តល់ឱកាសឱ្យពួកគាត់ទទួលបាននូវពុទ្ធិថ្មីៗ អាចចែករំលែកបទពិសោធន៍ជាមួយគ្នាទៅវិញទៅមក និងផ្លាស់ប្តូរមតិយោបល់ដោយត្រង់ទៅត្រង់មកអំពីបញ្ហា ប្រឈមនិងសំណូមពរនានា ស្ថិតក្នុងបរិយាកាសស្និទ្ធស្នាល ក្នុងនាមជាគ្រួសារសង្គមស៊ីវិលក្នុងខេត្តទាំងបី។ ពួកគាត់មានក្តីរីករាយជាមួយនឹងបរិយាកាសប្រកបដោយភាពសុខដុមរមនា ក្នុងទំនាក់ទំនងរវាង អង្គការសង្គមស៊ីវិលជាមួយអាជ្ញាធរមូលដ្ឋាន ដែលអនុញ្ញាតឱ្យពួកគាត់ចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ ដោយគ្មានការរារាំង ព្រមទាំងពេញចិត្តយ៉ាងខ្លាំងជាមួយនឹងអត្ថប្រយោជន៍ ដែលអាចទទួលបានពី ប.ស.ស. ដែលនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលដល់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅនិយាយរួម និងជាពិសេសរបស់អង្គការសង្គមស៊ីវិល និយាយដោយឡែក។
ថ្លែងក្នុងកិច្ចពិភាក្សានោះ លោកប្រធានបានផ្តាំផ្ញើអង្គការសង្គមស៊ីវិល បន្តធ្វើសកម្មភាពរបស់ខ្លួន ប្រកបដោយភាពស្មោះត្រង់ ក្នុងកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដោយគោរពតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងលក្ខន្តិកៈរបស់ខ្លួន។
លោកបានក្រើនរំលឹកដល់អង្គការសង្គមស៊ីវិលទាំងអស់ ឱ្យបានយល់ជ្រួតជ្រាប អំពីការខិតខំប្រឹងរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍សង្គមជាតិ ជាពិសេសគឺការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ សំដៅនាំកម្ពុជាសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០។
លោកប្រធានក៏បានក្រើនរំលឹក កុំឱ្យមានការភាន់ច្រឡំជឿតាមការញុះញង់ ពីសំណាក់មជ្ឈដ្ឋានអគតិពាក់ព័ន្ធនឹងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ដែលនេះជាក្របខ័ណ្ឌសហប្រតិបត្តិការរវាងប្រទេសទាំងបី ក្នុងគោលបំណងសំខាន់តែមួយគត់គឺ ដើម្បីជម្រុញការអភិវឌ្ឍនិងលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋនៅតាមតំបន់ជាប់ព្រំដែន របស់ប្រទេសទាំង ៣ដូចប្រសាសន៍ដ៏ក្បោះក្បាយ និងមានអត្ថន័យថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងសេចក្តីថ្លែងការណ៍ពិសេសផ្ញើជូនជនរួមជាតិកាលពី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។
លោកបានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល ជួយពន្យល់ណែនាំដល់ប្រជាជន ជាពិសេសយុវជននៅក្នុងដែនប្រតិបត្តិការងាររបស់គាត់ ឱ្យបានយល់ជ្រួតជ្រាបផងដែរ ជៀសវាងការយល់ភាន់ច្រឡំជឿតាមការឃោសនាអកុសលរបស់ជនអគតិ។
ជាងនេះទៀត លោកប្រធានក្រើនរំលឹកឱ្យមានការចូលរួមឱ្យបានផុសផុល ពីសំណាក់អង្គការសង្គមស៊ីវិលទាំងអស់ ជាមួយអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ ក្នុងការអបអរសាទរយ៉ាងក្លៀវក្លា ដល់ពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងជាប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលនឹងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងធំធេង ដល់ប្រទេសជាតិនិងប្រជាជនយើង ជាពិសេសអ្នកខេត្តតាកែវ កំពត និងកែប ដែលមានព្រែកជីកហូរកាត់នឹងទទួលបានផលប្រយោជន៍ ដោយផ្ទាល់ពីគម្រោងនេះ៕