(ភ្នំពេញ)៖ ដោយមានការចង្អុលបង្ហាញ ពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់់ធ្នាប់សាធរណៈ បានចាត់បញ្ជូនអនុប្រធាននាយកដ្ឋានព្រមទាំងមន្រ្តី ជំនាញមួយចំនួន ចុះរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងពង្រឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដល់មន្រ្តីមន្រ្តីនគរបាលចរាចរណ៍ ផ្លូវគោកតាមបណ្តាស្នងការដ្ឋានចំនួន៨ ក្នុងចំណោម១១ ដោយមានសិក្ខាកាមចូលរួមសរុប ចំនួន ៧១៩នាក់ រួមមានស្នងការដ្ឋាន នគរបាលខេត្តកណ្តាល ខេត្តស្វាយរៀង ព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តតាកែវ ខេត្តកំពត និងកំពង់ឆ្នាំង។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនិងពង្រឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក លោកអនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញ បានធ្វើការណែនាំ ៥ចំណុច ដល់មន្រ្តីនគរបាលចរាចរណ៍ រួមមាន៖ ទី១.ត្រូវពង្រឹងក្រមសីលធម៌ ឱ្យបានម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ តែទន់ភ្លន់ចំពោះ ប្រជាពលរដ្ឋ ក្នុងនាមអ្នកបម្រើសេវាសាធារណៈ, ទី២.ត្រូវធានាពីនីតិវិធីក្នុងការពិន័យ និងត្រូវចេញបង្កាន់ដៃបង់ប្រាក់ឱ្យបានត្រឹមត្រូវ, ទី៣.ត្រូវចុះផ្សព្វផ្សាយអប់រំ ដល់់ប្រជាពលរដ្ឋ កម្មករ និងសិស្សានុសិស្ស ពីព័ត៌មាន និងចំណេះដឹងផ្សេងៗជាប្រចាំ, ទី៤.ត្រូវបែងចែកប្រាក់ រង្វាន់ ដល់មន្រ្តីឱ្យមានតម្លាភាព និងធានាឱ្យបានូវការពិន័យ ជាអន្តរការណ៍ច្បាស់លាស់ និងទី៥-ស្នើឲ្យមន្ត្រីនគរបាលចរាចរណ៍ត្រួតពិនិត្យ គ្រឿងញៀន និងជាតិស្រវឹង លើអ្នកបើកបររថយន្តដឹកទំនិញ និងរថយន្តដឹកជញ្ជូនអ្នកដំណើរផងដែរ។
សូមជម្រាបថា កិច្ចប្រជុំនេះ ធ្វើឡើងមានការចូលរួមពី លោកស្នងការរងទទួលបន្ទុកសណ្តាប់ធ្នាប់សាធារណៈ, នាយ/នាយរង ការិយាល័យ, អធិការ/អធិការរងទទួលបន្ទុកសណ្ដាប់ធ្នាប់សាធារណៈ និងមន្រ្តីជំនាញមួយចំនួនទៀតផងដែរ៕