(សៀមរាប)៖ លោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានលើកឡើងថា ការចុះវាស់វែងដីធ្លីឈានដល់ការផ្តល់ប័ណ្ណកម្មសិទ្ធិ ជាកម្មវិធីគោលនយោបាយមួយរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើឲ្យប្រជាពលរស់នៅមានសេចក្តីសុខ និងជំរុញដល់សេដ្ឋកិច្ចគ្រួសារ សង្គម និងកាត់បន្ថយភាពក្រីក្រ និងបញ្ហាវិវាទដីធ្លីជាដើម។
លោកថា ការផ្តល់ប័ណ្ណកម្មសិទ្ធិនេះ នឹងបញ្ចៀសបាននូវបញ្ហាជម្លោះដីធ្លី ហើយចំពោះប័ណ្ណកម្មសិទ្ធិនេះ បានផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋណាដែលបានបំពេញគ្រប់លក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេសស្របតាមច្បាប់ និងបទដ្ឋានគតិយុត្ត ជាធរមាន ទើបអាចធ្វើបណ្ណកម្មសិទ្ធិនេះបាន ដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ ជាក់ស្តែងមិនមានការភ័យខ្លាច។
ការលើកឡើងយ៉ាងដូច្នេះ របស់លោក លី សំរិទ្ធ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ( ប័ណ្ណកម្មសិទ្ធ) ប្រមាណជាង៦ពាន់ក្បាលដីដល់ប្រជាពលរដ្ឋដែលជាម្ចាស់ដីចំនួន៤ភូមិ គឺភូមិច្រេស,ភូមិស្ពានក្អែក,ភូមិអូរ និងភូមិត្រាង ដែលស្ថិតនៅឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ។
ពិធីនេះ ធ្វើឡើងនៅបរិវេណសាលាឆទានភូមិអូរ ដោយមានការចូលរួមពីលោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង និងលោក ស៊ុន សុជាតិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តសៀមរាប ព្រមទាំងប្រជាពលរដ្ឋជាច្រើនចូលរួមផងដែរ។
លោក ស៊ុន សុជាតិ បានលើកឡើងថា ក្នុងអំឡុងនៃការចុះធ្វើប័ណ្ណជូនប្រជាពលរដ្ឋនេះ មន្រ្តីជំនាញបានធ្វើការងារដោយប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់ ហ្មត់ចត់បំផុត ក្នុងការធ្វើបណ្ណកម្មសិទ្ធិ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិនីមួយៗ រហូតសម្រេចបានផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុជូនប្រជាពលរដ្ឋឱ្យប្រើប្រាស់ដោយស្របច្បាប់ និងមានសិទ្ធិជាអចិន្ត្រៃយ៍រហូត។
លោកបន្តថា ប័ណ្ណកម្មសិទ្ធិ ដែលធ្វើការផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធនាពេលនេះ រួមមាន៖ ភូមិច្រេសចំនួន៣,០០៥ក្បាលដី ,ភូមិអូរចំនួន ៧៤២ក្បាលដី, ភូមិស្ពានក្អែកចំនួន ១,៤៧៧ក្បាលដី និងភូមិត្រាងចំនួន ៩២៤ក្បាលដីផងដែរ។
លោក ស៊ុន សុជាតិ បានបន្តថា ចំពោះក្បាលដីដែលធ្វើការប្រគល់ប័ណ្ណកម្មសិទ្ធជូននៅពេលនេះ ចំពោះតែក្បាលដីណាដែលមិនមានទំនាស់តវ៉ា ជាប់ពាក់ព័ន្ធនឹងបុរាណដ្ឋាន ឬតំបន់រក្សា ការពារដែលគ្រប់គ្រង ដោយមន្ទីរធនធានទឹក និងឧតុនិយម ហើយចំពោះក្បាលដីជាប់ព័ន្ធនឹងទំនាស់តវ៉ាផ្សេងៗ គណៈកម្មការរដ្ឋបាលនឹងបន្តពិនិត្យ និងដោះស្រាយតាមនីតិវិធីជាបន្តបន្ទាប់ ដើម្បីឈានទៅដល់ការចេញប័ណ្ណ ជូនម្ចាស់ដីជាបន្តទៀត។
លោក លី សំរិទ្ធ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលទើបតែទទួលបានប័ណ្ណកម្មសិទ្ធិទាំងអស់ ត្រូវយកប័ណ្ណកម្មសិទ្ធិនេះរក្សាទុក និងប្រើប្រាស់ឲ្យបានត្រឹមត្រូវ ជៀសវាងការបាត់បង់។ ម្យ៉ាងវិញទៀត ពេលដែលទទួលបានប័ណ្ណកម្មសិទ្ធិហើយនោះ កុំមានការឈ្លោះទាស់ទែងគ្នាអំពីបញ្ហាព្រំដី ព្រោះម្នាក់ៗសុទ្ធតែបានផ្តិតមេដៃយល់ព្រមទទួលយកទាំងអស់គ្នារួចរាល់ហើយ។ ចំពោះសំណុំរឿងដែលវិវាទលើបញ្ហាដីធ្លី ដែលមានប័ណ្ណកម្មសិទ្ធិនេះ មិនអាចដោះស្រាយបានទេ ទាល់តែស្ថាប័នច្បាប់ គឺតុលាការទើបអាចដោះស្រាយបាន។
លោកក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានព្រមទាំងប្រជាពលរដ្ឋ ដែលបានចូលរួមនាពេលនេះ សូមធ្វើការជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់ដីឲ្យមកទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះឲ្យបានគ្រប់ៗគ្នាផងដែរ។
ក្នុងឱកាសនោះ លោក សូរ ប្លាតុង ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ផ្សេងៗ ជាពិសេស ឧបករណ៍ឆក់ត្រី។ ហើយកុំមានបំណងលួចកាប់ឈូសឆាយដី ការរុករានកាត់ទន្រ្ទានព្រៃលិចទឹកដោយខុសច្បាប់បន្តទៅទៀត នៅក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង ព្រោះព្រៃលិចទឹកមិនត្រឹមតែជាសក្តានុពលត្រីប៉ុណ្ណោះទេ ក៏ជារមណីយដ្ឋានធម្មជាតិ ដែលអាចឲ្យភ្ញៀវក៏មកទស្សនាកម្សាន្តនៅតំបន់បឹងទន្លេសាប ព្រៃលិចទឹក និងសត្វស្លាបផងដែរ៕