(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញលែងកូនត្រីពូជចំរុះ៥ម៉ឺនក្បាល ចូលអាងស្ទឹងព្រៃប្រស់ ស្ថិតក្នុងភូមិព្រៃប្រស់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្នុងឱកាសប្រារព្ធទិវាមច្ឆជាតិ ឆ្នាំ២០២៤ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។
លោក នួន ផារ័ត្ន បានលើកឡើងថា ទិវាមច្ឆជាតិ ជាព្រឹត្តិការណ៍ប្រលែងត្រីជាប្រពៃណី ទៅក្នុងដែនធម្មជាតិ ក្នុងគោលបំណងបង្កើនពូជត្រី ក្នុងធម្មជាតិ បំផុសគោលគំនិតអភិរក្សធនធានជលផល ខណៈរដូវបិទនេសាទ ជារដូវត្រីពងកូន ដែលត្រូវបញ្ឈប់សកម្មភាពនេសាទខុសច្បាប់គ្រប់ប្រភេទ និងបង្កើនការចូលរួមអភិវឌ្ឍធនធានជលផល ជាពិសេសជំរុញសកម្មភាពវារីវប្បកម្ម ឲ្យកាន់តែធំ និងទូលំទូលាយផងដែរ។
លោកបានបញ្ជាក់ថា សម្រាប់ដែលបានលែងកូនត្រីនៅអាងស្ទឹងព្រៃប្រស់ ក្នុងឱកាសនេះគឺផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងវិស័យជលផល ឲ្យបានទូលំទូលាយ។ ត្រូវបំផុស ការអភិវឌ្ឍវាវីវប្បកម្ម ជំរុញការបង្កាត់ផ្លាស់ពូជត្រី ដើម្បីចែកជូន ប្រជាពលរដ្ឋចិញ្ចឹម និងការយកចិត្តទុកដាក់ជួយពង្រឹងការច្នៃផលជលផលប្រកប ដោយគុណភាព (មានស្តង់ដារ)។
ជាមួយគ្នានេះ លោកក៏បានប្រាប់ឲ្យត្រូវខិតខំពង្រឹងសមត្ថភាពដល់សហគមន៍នេសាទ ដែលបានបង្កើតឡើងរួចហើយឱ្យបានរឹងមាំ បង្កើតស្រះជម្រកត្រីសហគមន៍ ជំរុញបន្ថែមដល់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍នេសាទ ឱ្យងាកមកធ្វើកសិកម្មចម្រុះបន្ថែមទៀត។ ត្រូវថែរក្សាបង្គោលព្រំប្រទល់ សកម្មភាពការពារគ្រប់គ្រងកន្លែងអភិរក្សជលផល ប្រកបដោយប្រសិទ្ធភាព។
លោកបានលើកឡើងថា អាជ្ញាធរស្រុក ឃុំ ដែលមានព្រៃលិចទឹកនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវចាត់វិធានការ ឲ្យបានម៉ឺងម៉ាត់បំផុតបន្ថែមទៀត ចំពោះជនល្មើសបំផ្លាញព្រៃលិចទឹក និងការពារព្រៃលិចទឹក ឲ្យបានគង់វង្ស ពីព្រោះព្រៃលិចទឹកមានសារៈសំខាន់បំផុតដល់ជីវិតមនុស្សនិងសត្វ។
បន្ថែមពីនោះទៀត លោកក៏បានជំរុញឲ្យត្រូវបន្តដាំកូនឈើនៅព្រៃលិចទឹក ឲ្យបានច្រើនលើដីត្រូវបានដកហូត ពីការទន្ទ្រាន ដើម្បីស្ការព្រៃលិចទឹកឡើងវិញ ត្រូវស្វែងរកអង្គការដៃគូ ដើម្បីជួយដល់វិស័យជលផលបន្ថែមទៀត។
ជាមួយគ្នានោះ អភិបាលខេត្តបានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំទាំងអស់ ចូលរួមថែរក្សាការពារធនធានធម្មជាតិ ធនធានជលផល អនុផលព្រៃឈើ ជាពិសេសត្រូវចូលរួមចំណែក ការពារបរិស្ថានតាមរយៈការថែក្សាអនាម័យនៅតាមលំនៅឋាន ទីកន្លែងសាធារណៈ និងស្នើរឱ្យប្អូនៗសិស្សានុសិស្សរក្សាអនាម័យ សំរាមដាក់ក្នុងធុងសំរាម ដើម្បីរក្សាសុខភាពរបស់ខ្លួនយើង និងជួយដល់បរិស្ថានជុំវិញខ្លួនយើងផងដែរ។
បើតាមរបាយការរបស់លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានបង្ហាញថា ខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានរៀបចំកម្មវិធីប្រលែងកូនត្រីពូជ នៅថ្នាក់ខេត្ត ចំនួន៥០,០០០ក្បាល រួមមាន៖ កូនត្រីឆ្ពិននិងកាហែចំនួន៤៥,០០០ក្បាល ឮកូនត្រីប្រលូងចំនួន៥,០០០ក្បាល និងត្រីមេពូជចំនួន១០០គីឡូក្រាម ស្ថិតនៅទីតាំងគល់ស្ពានថ្ម អាងស្ទឹងព្រៃប្រស់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ៕