(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ បានអំពាវនាវដល់អ្នកគ្រូ-លោកគ្រូ និងអាណាព្យាបាលទាំងអស់ សូមបន្ដគាំទ្រកូនចៅ ដើម្បីរៀនសូត្រឲ្យបានខ្ពង់ខ្ពស់ ទាំងខាងផ្នែកវិទ្យាសាស្ដ្រ, វិទ្យាសាស្ដ្រសង្គម និងអក្សរសាស្ដ្រ។
ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់មេដាយ រង្វាន់ និងប្រកាសនីយបត្រ ជូនដល់ជ័យលាភី ដែលបានចូលរួម ប្រកួតប្រជែងគណិតវិទ្យាអន្ដរជាតិ តាមប្រព័ន្ធអនឡាញ CARIBOU TESTS ២០២៤ និងគណិតវិទ្យាថ្នាក់ជាតិ ដោយប្រើម៉ាស៊ីនគិតលេខវិទ្យាសាស្ដ្រ។
ពិធីនេះ បានរៀបចំធ្វើឡើង នៅសាលសន្និសីទវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការអញ្ជីញចូលរួមពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងអាណាព្យាបាល លោកគ្រូ-អ្នកគ្រូ លោកនាយក នាយិកា និងសិស្សានុសិស្ស ជាច្រើននាក់់។
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់យ៉ាងដូច្នេះថា «សូមអំពាវនាវ សូមឲ្យអ្នកគ្រូ-លោកគ្រូ លោកនាយក នាយិកា ក៏ដូចជាមាតិ-បិតា ទាំងអស់បន្ដគាំទ្រកូនចៅ ដើម្បីរៀនសូត្រឲ្យបានខ្ពង់ខ្ពស់ ទាំងខាងផ្នែកវិទ្យាសាស្ដ្រ ក៏ដូចជាខាងផ្នែកវិទ្យាសាស្ដ្រសង្គម និងខាងផ្នែកអក្សរសាស្ដ្រផងដែរ»។
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា ការបន្ដគាំទ្រឲ្យកូនចៅ រៀនសូត្រឲ្យបានខ្ពង់ខ្ពស់ គឺដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយចរីភាព សម្រាប់ការអភិវឌ្ឍន៍ សង្គមប្រទេសជាតិកម្ពុជា នាពេលអនាគត។
ជាមួយគ្នានេះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា ការសិក្សាគណិតវិទ្យា គឺជាការលើកស្ទួយមូលដ្ឋានគ្រឹះ ដើម្បីចាប់យកមុខវិជ្ជាផ្សេងទៀត ជាពិសេសបច្ចេកវិទ្យាឌីជីថល។
លោករដ្ឋមន្ដ្រី បានឲ្យដឹងថា កម្ពុជាកំពុងតែដើរឈានចូល ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត ហើយបំណិនខាងផ្នែកគណិតវិទ្យានេះ នឹងជួយដល់សិស្សានុសិស្ស នៅក្នុងការត្រៀមខ្លួន ក្នុងការប្រើប្រាស់ នូវបញ្ញាសិប្បនិម្មិត ក៏ដូចជាបច្ចេកវិទ្យាឌីជីថល នៅក្នុងជីវភាពប្រចាំថ្ងៃ ក៏ដូចជាដើម្បីលើកកម្ពស់ពិពិធកម្ម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
បណ្ឌិតសភាចារ្យ ច័ន្ន រ័ត្ន ប្រធានសហគមន៍អ្នកគណិតវិទ្យាកម្ពុជា បានឲ្យដឹងថា សហគមន៍អ្នកគណិតវិទ្យាកម្ពុជា ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយ វិទ្យាស្ថានស្រាវជ្រាវ នៃសាកលវិទ្យាល័យប៊្រុក នៃប្រទេសកាណាដា (CARIBOU= Canada Research Institute of BROCK University)។
បណ្ឌិតសភាចារ្យ ច័ន្ន រ័ត្ន បានបន្ថែមទៀតថា កម្មវិធី CARIBOU CONTEST គឺការប្រកួតប្រជែងគណិតវិទ្យាអន្តរជាតិ តាមប្រព័ន្ធអនឡាញ លំដាប់ពិភពលោក ហើយសម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ ធ្វើឡើងចំនួន៦លើក រួមមាន៖
* លើកទី១៖ នៅថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០២៣
* លើកទី២៖ នៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៣
* លើកទី៣៖ នៅថ្ងៃទី១៧-១៨ ខែមករា ឆ្នាំ២០២៤
* លើកទី៤៖ នៅថ្ងៃទី១៤-១៥ ខែកុម្ភៈ ឆ្នាំ២០២៤
* លើកទី៥៖ នៅថ្ងៃទី០៣-០៤ ខែមេសា ឆ្នាំ២០២៤
* និងលើកទី៦៖ នៅថ្ងៃទី០១-០២ ខែឧសភា ឆ្នាំ២០២៤ ប្រឡងពីថ្នាក់មត្តេយ្យកម្រិតខ្ពស់ រហូតដល់ថ្នាក់ទី១២។
បណ្ឌិតសភាចារ្យ ច័ន្ន រ័ត្ន ប្រធានសហគមន៍អ្នកគណិតវិទ្យាកម្ពុជា បានឲ្យដឹងថា កម្មវិធី CARIBOU CONTEST មាន៣៦ប្រទេស ចូលរួមប្រកួត និងមានអ្នកចូលរួម សរុបចំនួន៧៥,៦៨៦នាក់ ក្នុងនោះសិស្សកម្ពុជា បានចូលរួមចំនួន២,៨៩៤នាក់ មកពីគ្រឹះស្ថានសិក្សា ទូទាំងប្រទេសចំនួន៥៧។
លទ្ធផលទទួលបាន១៖ សិស្សចំនួន៦៦នាក់ បានទទួលចំណាត់ថ្នាក់លេខ១ មេដាយមាស លំដាប់ពិភពលោក, ២៖ សិស្សចំនួន៥នាក់ បានទទួលចំណាត់ថ្នាក់លេខ២ មេដាយប្រាក់ និងសិស្សចំនួន៥៣នាក់ បានទទួលចំណាត់ថ្នាក់លេខ៣ មេដាយសំរឹទ្ធ។ សិស្សជ័យលាភីសរុបមានចំនួន១០៣នាក់ មកពី២៦គ្រឹះស្ថានសិក្សា៕