(ត្បូងឃ្មុំ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារ អញ្ជើញចុះសំណេះសំណាល នាំយកអំណោយរបស់រដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវសម្បទា ខេត្តត្បូងឃ្មុំ ជាគ្រឿងឧបភោគបរិភោគ ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ គ្រួសារជនរងគ្រោះ និងងាយរងគ្រោះ ដោយគ្រោះធម្មជាតិជាយថាហេតុផ្សេងៗ ចំនួន៣០០គ្រួសារ នៅឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។
លោក ប៉ែន កុសល្យ បានលើកឡើងថា ការចុះមកដល់ទីតាំង និងនាំយកអំណោយមកផ្តល់ជូននេះ ដោយមើលឃើញពីស្ថានភាពរបស់ប្រជាពលរដ្ឋ ដែលជួបការលំបាកលើជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ ជនពិការ កុមារកំព្រា និង ជនរងគ្រោះដោយសារគ្រោះធម្មជាតិផ្សេងៗ ដែលត្រូវការជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសប្បុរសជននានា។
លោកអភិបាលខេត្ត គូសបញ្ជាក់ថា ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីសម្បទា ដែលមានមន្ទីរសង្គមកិច្ចខេត្តត្បូងឃ្មុំ ជាសេនាធិការឲ្យក្រសួង បាននាំយកអំណាយរបស់រាជរដ្ឋាភិបាល មកចែកជូនប្រជាពលរដ្ឋនៅពេលនេះ ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាដែលជួបប្រទះ ខ្វះខាត និងដោះស្រាយ លើជីវភាពរបស់បងប្អូនបានមួយកំរិត សំដៅការអភិវឌ្ឍរួមចំណែកលើកកម្ពស់ ជីវភាពរបស់បងប្អូនឲ្យកាន់តែល្អថែមទៀត។
ជាមួយគ្នានោះ លោក ប៉ែន កុសល្យ បន្តថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អាណត្តិទី៧នេះ និងបន្តធ្វើឲ្យប្រទេសមានសុខសន្តិភាព និងបានកសាង អភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធ លើគ្រប់វិស័យព្រមទាំងបានយកចិត្តទុកដាក់គិតគូសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស គឺមិនឲ្យប្រជាពលរដ្ឋខ្វះខាតលំបាកអ្វីឡើយ ជាក់ស្តែងដូចដែលបានចុះមកដល់នៅទីនេះ។
បើតាមការបញ្ជាក់ពីលោក អ៊ុន លំអង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទាខេត្ត បានឲ្យដឹងថា អំណោយដែលចែកជូនប្រជាពលរដ្ឋទាំង៣០០គ្រួសារ នៅពេលនេះ គឺជាអំណោយ បានមកពីរាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ឋជន និង យុវនិតិសមទា និងថ្នាក់ដឹកនាំខេត្តផងដែរ ដែលក្នុងនោះមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម មី ១កេស ត្រីខ១យួរ ទឹកត្រី១យួរ ប្រេងឆា១ដប ភួយ១ និងថវិកាមួយចំនួនផងដែរ៕