(បាត់ដំបង)៖ លោក សុខ លូ អភិបាល ខេត្តបាត់ដំបង នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំក្រុមការងារ កងកម្លាំង មន្ទីរអង្គភាពជំនាញ ចុះពិនិត្យស្ថានភាពទឹក និងស្ថានភាព ជាក់ស្ដែងនូវផលប៉ះពាល់ ទៅលើដំណាំរបស់ប្រជាកសិករ ដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងកន្លងទៅនេះ នៅក្នុងភូមិសាស្រ្ដ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
បើតាមលោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ បានប្រាប់ឲ្យដឹងថា ក្នុងរយៈពេលភ្លៀងធ្លាក់រយ:ពេលកន្លងមកនេះ ចាប់ពីថ្ងៃ២៦ ដល់ថ្ងៃទី៣០នេះ ទឹកជំនន់ដោយសារភ្លៀង ធ្វើឲ្យមានលិចលង់ តាមបណ្តោយដងស្ទឹងសង្កែ ពិសេសស្រុកឯកភ្នំ មានការលិចលង់ច្រើនជាងគេ។
ការចុះពិនិត្យនេះផងដែរ លោកអភិបាលខេត្ត បានថ្លែងថា ថ្វិត្បិតវាលស្រែលិចទឹក ក្នុងភូមិសាស្រ្តស្រុកឯកភ្នំនេះ មើលទៅដូចជាលិចទឹកមានលក្ខណៈធំធេងពិតមែនក៏ដោយ តែបើគ្មានភ្លៀងធ្លាក់បន្តទៀតទេ ទឹកស្រកចុះវិញនោះវាលស្រែដ៏ធំល្វឹងល្វើយនេះ អាចនឹងធ្វើឲ្យដំណាំស្រូវទាំងអស់នេះកាន់តែល្អប្រសើរវិញ លើសការរំពឹងទុកក៏ថាបាន។
លោក សុខ លូ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋយើងដែលរស់នៅក្នុងឯកភ្នំនេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ឆាប់រត់រកទីទួលសុវត្តិភាព ចៀសវាង ខូចខាត បាត់បង់ទ្រព្យសម្បត្តិ សត្វ ពាហន: ជា
ដើម និងប្រយ័ត្នសុខភាពក្រុមគ្រួសារ និងកូនចៅ បើមានអីមិនស្រួលឆាប់រាយការណ៍ទៅអាជ្ញាធរមូលដ្ឋានឲ្យបានទាន់ពេលវេលា ដើម្បីជួយសង្គ្រោះបងប្អូនបានទាន់ពេលផងដែរ៕