(ព្រៃវែង)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលសកម្មភាព ការងាររបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង សម្រាប់ឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព លោក សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត និងមានការអញ្ជើញចូលរួមពីលោកអនុប្រធានអចិន្ត្រៃយ៍ និងសមាជិកគណៈកម្មាធិការសាខា ព្រមទាំងមន្រ្តីក្រុមប្រតិបត្តសាខា សរុបអ្នកចូលរួមចំនួន១៦នាក់ ស្ត្រី៦នាក់។
លោកប្រធានគណៈកម្មាធិការសាខា បានថ្លែងផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខា ពិសេសសេចក្តីនឹករលឹក និងការផ្តាំសួរសុខទុក្ខ ពី សំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
កិច្ចប្រជុំនេះ មានរបៀបវារៈ ចំនួន ៦ចំណុច ដូចខាងក្រោម៖
១៖ រាយការណ៍លទ្ធផលសកម្មភាពការងារ និងហិរញ្ញវត្ថុ ប្រចាំឆមាសទី១
២៖ ឆ្លងនូវតម្លៃការសាងសង់ស្ថានីយ៍លាងដៃ។
៣៖ នីតិវិធីនៃការគ្រប់គ្រង និងការឧបត្ថម្ភធនដល់អនុសាខាក្រុង-ស្រុក
៤៖ ស្នើសុំតំឡើងឋានៈ និងតួនាទីដល់មន្រ្តីសាខាខេត្ត
៥៖ មតិចូលរួមរបស់សមាជិក សមាជិកា និងបញ្ហាផ្សេងៗ
ជាកិច្ចបញ្ចប់ លោក សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានមានមតិផ្តាំផ្ញើសមាជិក សមាជិក គណៈកម្មាធិការ សូមអនុវត្តតាមខ្លឹមសារនៃកិច្ចប្រជុំ និងជូនពរដល់សមាជិកនៃកិច្ចប្រជុំ ដែលមានវត្តមាននៅទីនេះ សូមទទួលបាន នូវពុទ្ធពរ ទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕