(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានផ្ដួចផ្ដើមឱ្យមានយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» ចាប់ពីថ្ងៃទី១២-៣១ ខែកក្កដា ឆ្នាំ២០២៤ ហើយបន្ទាប់ពីបញ្ចប់យុទ្ធនាការនេះទៅ សមាគមក៏ត្រូវចាត់ចែងបែងចែកសម្ភារៈ សម្លៀកបំពាក់ទៅតាមប្រភេទ ដើម្បីត្រៀមចែកជូនអ្នកដែលត្រូវការប្រើប្រាស់បន្ត នៅពាក់កណ្ដាលខែសីហា ឆ្នាំ២០២៤ខាងមុខ ប៉ុន្តែការទទួលសម្ភារៈដែលជាការបរិច្ចាគពីសប្បុរសជន គឺនៅតែបន្ត។
លោកស្រី ដេវី ឡាដែត ស្នងការកម្មវិធីក្រុមវឌ្ឍននារី និងជាប្រធានគម្រោងបរិស្ថាននៃសមាគមកាយឫទ្ធិនារីកម្ពុជា បានឱ្យដឹងថា យុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» ត្រូវបានផ្ដួចផ្ដើមឡើងដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ក្នុងនាមជាអគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា ដើម្បីជាចលនាសប្បុរសធម៌ជួយដល់សង្គម ពិសេសប្រជាពលរដ្ឋដែលត្រូវការរបស់របរប្រើប្រាស់ តែមិនមានលទ្ធភាពក្នុងការទិញយកមកប្រើប្រាស់។ ម្យ៉ាងទៀត យុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» នេះ ក៏ចំពេលអនុវត្តគម្រោងចូលរួមថែរក្សាបរិស្ថានរបស់សមាគមកាយឫទ្ធិនារីកម្ពុជាផងដែរ។
លោកស្រី ដេវី ឡាដែត បានបន្តថា យុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» បានចាប់ផ្ដើមតាំងពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ដោយក្នុងនោះសមាគមកាយឫទ្ធិនារីកម្ពុជាបានដាក់ពង្រាយធុងបរិច្ចាគប្រមាណ៦០ធុង ក្នុងនោះនៅរាជធានីភ្នំពេញប្រមាណ៤០ធុង និងនៅតាមខេត្តចំនួន៦ទៀត រួមមាន ខេត្តកណ្ដាល សៀមរាប បាត់ដំបង កំពត ពោធិ៍សាត់ និងខេត្តមណ្ឌលគិរី (សរុប២០ធុង)។ នៅស្នាក់ការសមាគមកាយឫទ្ធិនារីកម្ពុជា រាជធានីភ្នំពេញ គឺបានបើកទទួលការបរិច្ចាគមុនគេបង្អស់។
លោកស្រីថ្លែងយ៉ាងដូច្នេះថា «រៀងរាល់ថ្ងៃ គ្រាន់តែធុងដែលដាក់នៅក្នុងទីស្នាក់ការសមាគមកាយឫទ្ធិនារីកម្ពុជា គិតចាប់ពីថ្ងៃចាប់ផ្ដើមរហូតមកដល់ពេលនេះ ចំនួនអ្នកយកសម្ភារៈមកបរិច្ចាគចូល៤០០នាក់។ ម្សិលមិញ និងថ្ងៃនេះ គឺមានសប្បុរសជនសម្រុកយកសម្ភារៈមកបរិច្ចាគច្រើនមែនទែន។ និយាយរួម សន្ទុះនៃការចូលរួមបរិច្ចាគនៅគ្រប់ទីតាំង គ្រប់ខណ្ឌទាំងអស់ គឺច្រើនខ្លាំងមែនទែន»។
លោកស្រីប្រធានគម្រោងបរិស្ថាននៃសមាគមកាយឫទ្ធិនារីកម្ពុជា បានបន្តទៀតថា ការចូលរួមបរិច្ចាគជាមួយយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» នេះ គឺពិតជាមានសារប្រយោជន៍ខ្លាំងណាស់ចំពោះសប្បុរសជនដែលជាអ្នកបរិច្ចាគ និងចំពោះប្រជាពលរដ្ឋដែលនឹងទទួលបានសម្ភារៈយកទៅប្រើប្រាស់បន្ត រួមជាមួយការបង្ហាញនូវវប្បធម៌ចែករំលែក ភាពកក់ក្ដៅ ការជួយគ្នាទៅវិញទៅមក រួមចំណែកយ៉ាងធំធេងដល់ផ្នែកបរិស្ថាន សប្បុរសធម៌ និងសង្គមធម៌។
លោកស្រី ដេវី ឡាដែត បានឱ្យដឹងទៀតថា សម្ភារៈ សៀវភៅ សម្លៀកបំពាក់ គ្រឿងប្រើប្រាស់នានាទាំងអស់នោះ នឹងត្រូវចែកជូនក្រុមគោលដៅនៅតាមសហគមន៍របស់សមាជិកាសកម្មនៃសមាគមកាយឫទ្ធិនារីកម្ពុជា ដែលមាននៅស្នាក់ការមូលនិធិកុមារកម្ពុជា ដែលស្ថិតនៅសង្កាត់ស្ទឹងមានជ័យ, អង្គការស្នាមញញឹមកុមារ ដែលស្ថិតនៅសង្កាត់ស្ទឹងមានជ័យ និងតាមខណ្ឌមួយចំនួនទៀត, វិទ្យាស្ថានអប់រំពិសេស (កុមារគ-ថ្លង់) ដែលស្ថិតនៅខណ្ឌសែនសុខ និងខណ្ឌច្បារអំពៅ។ សម្រាប់នៅតាមបណ្ដាខេត្តដទៃ គឺសាខាសមាគមកាយ ឫទ្ធិនារីកម្ពុជា នឹងចែកជូនៅតាមសហគមន៍ ភូមិដ្ឋានប្រជាពលរដ្ឋដែលមានជីវភាពខ្សត់ខ្សោយ។
លោកស្រី ដេវី ឡាដែត បានបញ្ជាក់ថា ថ្វីដ្បិតយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» ត្រូវបានបញ្ចប់ត្រឹមថ្ងៃទី៣១ ខែកក្កដានេះក៏ពិតមែន ប៉ុន្តែការទទួលនូវការបរិច្ចាគសម្ភារៈពីសប្បុរសជន គឺនៅតែបន្ត ដោយសមាគមកាយ ឫទ្ធិនារីកម្ពុជាបានរក្សាធុងចំនួន១១ទីតាំង សម្រាប់បន្តទទួលការបរិច្ចាគនេះទៀត ក្នុងនោះរួមមាន៖
១-ទីស្នាក់ការសមាគមកាយ ឫទ្ធិនារីកម្ពុជា រាជធានីភ្នំពេញ
២-ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្កា ម៉ល
៣-ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល
៤-ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល
៥-ផ្សារទំនើប ជីប ម៉ុង ៥៩៨ ម៉ល
៦-សាលាគយនិងរដ្ឋាករខេត្តកណ្ដាល
៧-ផ្សារទំនើប ហេរីថេកវ៉ក នៅខេត្តសៀមរាប
៨-ភៅជនីយដ្ឋានបន្ទាយស្រី ខេត្តបាត់ដំបង
៩-ទីស្នាក់ការសមាគមកាយ ឫទ្ធិនារីកម្ពុជាសាលាខេត្តកំពត
១០-ទីស្នាក់ការសមាគមកាយ ឫទ្ធិនារីកម្ពុជាសាលាខេត្តពោធិ៍សាត់
១១-ស្នាក់ការ វីង (ឡុញ អ៉ីហុង) ខេត្តមណ្ឌលគិរី។
ចំពោះប្រជាពលរដ្ឋជាសប្បុរសជនដែលមានបំណងចង់បរិច្ចាគសម្ភារៈនានា ហើយមិនទាន់ដឹងពីទីតាំងធុងបរិច្ចាគដែលនៅជិតបំផុតនោះ អាចចូលឆែកមើលក្នុងទំព័រហ្វេសប៊ុករបស់សមាគមកាយ ឫទ្ធិនារីកម្ពុជាបានផងដែរ ដែលមានឈ្មោះជាផ្លូវការថា Girl Guide Association of Cambodia (https://www.facebook.com/girlguidesofcambodia)។ ចំពោះអ្នកដែលនៅឆ្ងាយ ឬនៅបរទេស ហើយចង់ចូលរួមបរិច្ចាគជាថវិកា ក៏អាចទំនាក់ទំនងតាមទំព័រហ្វេសប៊ុកនេះបានផងដែរ។
ដោយសារក្នុងពេលយុទ្ធនាការនេះ ភាគច្រើនទទួលបានសម្លៀកបំពាក់មនុស្សស្រី តែសម្រាប់មនុស្សប្រុសវិញគឺនៅមានតិចតួច ដូច្នេះលោកស្រី ដេវី ឡាដែត ក៏សូមអំពាវនាវដល់សប្បុរសជនសូមបន្តបរិច្ចាគសម្ភារៈរបស់មនុស្សប្រុសឱ្យបានច្រើន ដើម្បីចែកជូនប្រជាពលរដ្ឋអ្នកដែលត្រូវការសម្ភារៈទាំងនោះបន្តទៀត។
លោកស្រី ដេវី ឡាដែត បានបន្ថែមថា ការបិទយុទ្ធនាការត្រឹមថ្ងៃទី៣១ ខែកក្កដានេះ គឺគ្រាន់តែដកឃ្លាមួយរយៈសិន ដើម្បីរៀបចំ ចាត់ចែង បែងចែកសម្ភារៈដែលទទួលបាននោះ មុននឹងយកទៅចែកជូនក្រុមគោលដៅដែលត្រូវការប្រើប្រាស់បន្ត នៅពាក់កណ្ដាលខែសីហា ឆ្នាំ២០២៤ខាងមុខ ហើយនៅពេលចប់កិច្ចការលើកដំបូងនេះ សមាគមកាយ ឫទ្ធិនារីកម្ពុជានឹងអនុវត្តយុទ្ធនាការលើកក្រោយទៀតក្នុងឆាប់ៗខាងមុខ៕