(ស្វាយរៀង)៖ បុគ្គលិកក្រុមហ៊ុនសាងសង់ផ្លូវបានផ្ទុះជម្លោះក្នុងវង់ផឹកស៊ីជាមួយគ្នា ហើយធ្វើឱ្យតៃកុងបើកអេស្កាវ៉ាក់ទ័រ ម្នាក់ខឹងចងគំនុំ ទៅបើកអេស្កាវ៉ាក់ទ័រ រុញផ្ទះបំបាក់រលំសង្កត់ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ធ្វើឱ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនាំគ្នាទៅគាស់យកជនរងគ្រោះ ហើយប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនជនបង្កបានភ្លាមៗ រួចបញ្ជូនទៅស្នងការដ្ឋាននគបាលខេត្តស្វាយរៀង ដើម្បីចាត់ការផ្លូវច្បាប់។
ករណីនេះបានកើតឡើងនៅវេលាម៉ោង៦ និង៥នាទីល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចផ្ទះ១០០ខ្នង (ដែលរាជរដ្ឋាភិបាលសាងសង់ផ្តល់ជូនអតីតយុទ្ធជនសោធន់និវត្តន៍)នៅជិតព្រំដែនក្បែប៉ុស្តិ៍ច្រករបៀងធ្លកថ្មី ស្ថិតនៅភូមិធ្លកថ្មីឃុំត្នោត ស្រុកកំពង់រោទិ៍។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត ឈ្មោះ ឌឹម សារឿន ភេទប្រុស អាយុ៣៨ឆ្នាំ មានកូន២នាក់ស្រីម្នាក់ ជាបុគ្គលិកបើកអាប៊ុលកិនថ្នល់ មានទីលំនៅភូមិតានប់ ឃុំត្នោត ស្រុកបាទី ខេត្តតាកែវត្រូវផ្ទះបាក់សង្កត់ចំពីលើស្លាប់បាត់បង់ជីវិតគួរឱ្យសង្វេគ។
ជនរងគ្រោះទី២ ឈ្មោះ តាំង យូ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិតាជោ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង របួសក្បាលធ្ងន់ធ្ងរត្រូវសមត្ថកិច្ចហៅរថយន្តដឹកបញ្ជូនមកមន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីសង្គ្រោះ។ រីឯជនបង្កឈ្មោះ ខែក បញ្ញា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ត្រូវសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗរួចបញ្ជូនមកស្នងការនគបាលខេត្តស្វាយរៀងចាត់ការតាមនីតិវិធី។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ជនបង្ក និងជនរងគ្រោះបានផឹកស៊ីជាមួយគ្នា ក្រោយមកក៏មានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ក៏ត្រូវមិត្តភក្កិ ធ្វើការជាមួយគ្នាឃាត់ជនបង្កក៏បានដើរចេញទៅ។ ចំណែកជនរងគ្រោះបានផឹកបន្ត រហូតដល់ស្រវឹងជោគ ក៏នាំគ្នាទៅចងអង្រឹងដេកនៅក្រោមផ្ទះ ដែលម្ចាស់គេអត់នៅ (ផ្ទះមន្ត្រីនគបាលចូលសោធន់និវត្តន៍ម្នាក់) ក្រោយពីដេកលង់លក់មួយសន្ទុះក្រោយមកស្រាប់តែជនបង្កបើកអេស្កាវទ័រ១គ្រឿង មកកាយរុញបំបាក់បណ្តាលឱ្យបាក់ផ្ទះខ្ទេចទាំងស្រុងសង្កត់ពីលើជនរងគ្រោះទាំង២នាក់ ដែលកំពុងដេកលង់លក់ក្រោមផ្ទះ ជាប់ពីលើ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់កម្មករ និងប្រជាពលរដ្ឋនាំគ្នាមកមើលហើយគាស់យកជនរងគ្រោះ តែយឺតពេល ជនរងគ្រោះម្នាក់បានស្លាប់ ហើយម្នាក់ទៀតរងរបួសធ្ងន់។
ប្រភពបានបន្តថា ភ្លាមៗនោះដែរប្រជាពលរដ្ឋបានប្តឹងសមត្ថកិច្ចនគបាលវរៈការពារព្រំដែនប៉ុស្តិ៍ច្រករបៀងធ្លកថ្មី មកចាប់ខ្លួនជនសង្ស័យបានភ្លាមៗដែរ រួចបញ្ជូនឱ្យលោកអធិការនៃអធិការដ្ឋាននគបាលស្រុកកំពង់រោទិ៍ បញ្ជូនបន្តទៅស្នងការដ្ឋាននគបាលខេត្តស្វាយរៀងទាំងយប់។ ព្រមួទាំងបានហៅរថយនសាមុយដឹកជនរងគ្រោះទៅមន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីសង្គ្រោះ។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារកាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតខេត្តតាកែវ ផងដែរ៕