(ភ្នំពេញ)៖ នាថ្ងៃពុធ ១១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ សភាពាណិជ្ជកម្មកម្ពុជា សហការគាំទ្រក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង រៀបចំពិធីជប់លៀងអាហារថ្ងៃត្រង់ធុរកិច្ចកម្ពុជា-ហុងកុង ក្រោមមូលបទ «ការតភ្ជាប់ដ៏អស្ចារ្យតាមមាគ៌ាថ្មីទៅភាពជោគជ័យ៖ ភាពជាដៃគូរវាងហុងកុង-កម្ពុជា ក្នុងការជំរុញវិបុលភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចរួមគ្នា»។
ជំនួបធុរកិច្ចនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទីមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ចន ខេស៊ីឡី (John KC Lee) ប្រធានប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង និងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ និង ធុរជនកម្ពុជា-ហុងកុង សរុប៣៥០នាក់ និងបានលើកយកមកពិភាក្សា និងរំលេចនូវទិដ្ឋភាពវិនិយោគកម្ពុជានិងសក្តានុពលនៃធុរកិច្ចទ្វេភាគី។
ធុរជនហុងកុងនិងកម្ពុជា ដែលអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ មកពីវិស័យធនាគារ បច្ចេកវិទ្យាព័ត៌មានវិទ្យា អចលនទ្រព្យ ភស្តុភារ និងដឹកជញ្ជូន បដិសណ្ឋារកិច្ច អប់រំ ទីផ្សារភាគហ៊ុន ម្ហូបអាហារ អាកាសចរណ៍ វិនិយោគនិងសេវាកម្មហិរញ្ញវត្ថុ ភាពយន្ត និង ថាមពល។
អ្នកឧញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សម្រាប់កម្ពុជា អញ្ជើញថ្លែងសុន្ទរកថា និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូហុងកុងដែលដឹកនាំដោយ និងលោក ចន ខេស៊ីឡី (John KC Lee) ប្រធានតំបន់រដ្ឋបាលពិសេសហុងកុង ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ។
អ្នកឧកញ៉ាប្រធាន បានគូសបញ្ជាក់ពីទំនាក់ទំនងពាណិជ្ជកម្មដ៏រឹងមាំរវាងកម្ពុជានិងហុងកុង ដែលទំហំពាណិជ្ជកម្មទ្វេភាគីបន្តកើនឡើងជាលំដាប់ និងមានទំហំច្រើនជាង ១ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៣រហូតមក។ កម្ពុជា គឺជាទីផ្សារដ៏សំខាន់មួយរបស់ហុងកុង ហើយការវិនិយោគរបស់ហុងកុងនៅកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
ស្ថិតក្នុងបរិបទនេះ អ្នកឧកញ៉ាប្រធាន បានជំរុញលើកទឹកចិត្ត និងអញ្ជើងធុរជនហុងកុងសិក្សានិងស្វែងរកកាលានុវត្តភាពដ៏សម្បូរបែបនៅកម្ពុជាដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំង៕