(ភ្នំពេញ)៖ ដើម្បីឲ្យពិធីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ ដំណើរការទៅដោយរលូន មានភាពគគ្រឹកគគ្រេង ធានាបានទាំងសន្តិសុខ សុវត្ថិភាព នៅរាត្រីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាថ្មីម្តងទៀត ដើម្បីពិនិត្យពីវឌ្ឍនភាពការងារ ដែលបានរៀបតាមផែននីមួយៗ។
ក្នុងកិច្ចប្រជុំនេះ បានធ្វើឡើងនារសៀលថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ និងមានការចូលរួមពីកងកម្លាំងមានសមត្ថកិច្ច ចំណុះគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរចំណុះរដ្ឋបាលរាជធានីភ្នំពេញ។
តាមគម្រោងដែលបានរៀបចំ នៅថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោនេះ ពោលគឺនៅរាត្រីថ្ងៃទី៥សីហាឆ្នាំ២០២៤ មានព្រឹត្តិការណ៍ដ៏ធំមួយ នៅកោះពេជ្រ ដោយរដ្ឋបាលរាជធានីភ្នំពេញ ត្រូវរៀបចំការប្រគុំតន្ត្រី ដែលមានអ្នកចូលរួមប្រមាណជាង១ម៉ឺននាក់ មានការរៀបចំបាញ់កាំជ្រូចនៅទន្លេ៤មុខ ចំនួន២លើក។
លោក ឃួង ស្រេង បានលើកឡើងថា គម្រោងព្រែកជីកហ្វូណន-តេជោ នឹងបើកការដ្ឋាន នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងអំឡុងពេលនៃការបើកការដ្ឋាននេះ នៅពេលព្រឹក គ្រប់ខណ្ឌ គ្រប់មន្ទីរចំណុះរដ្ឋបាលរាជធានីភ្នំពេញ ត្រូវរៀបចំអបអរសាទរ ពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោនេះ នៅតាមអង្គភាពរបស់ខ្លួន ឲ្យបានសមស្រប ទាំងការដាក់ទង់ជាតិ ទង់សាសនា និងការទូងស្គរ ឲ្យមានភាព គគ្រឹកគគ្រែង ក្នុងស្មារតីជាតិតែមួយ។ ដោយឡែក វិហារ សាសនានានា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក៏មានការទូងស្គរបែបនេះផងដែរ។
លោក ឃួង ស្រេង បានបន្តទៀតថា សម្រាប់ពេលរាត្រីថ្ងៃ០៥ សីហា នៅកោះពេជ្រ មានការរៀបចំការប្រគុំតន្ត្រី ដែលមានសិល្បករ និងកីឡាករ ល្បីៗរបស់កម្ពុជា និងមានអ្នកចូលរួមប្រមាណ ជាង១ម៉ឺននាក់ ជាមួយនឹងការបាញ់កាំជ្រូចចំនួន២លើក នៅម៉ោង៧៖២០នាទីមួយលើក និងនៅម៉ោង៩៖៩នាទី មួយលើកទៀត។
ក្នុងកិច្ចប្រជុំនោះ លោក ឃួង ស្រេង ក៏បានណែនាំដល់កងកម្លាំងទាំងអស់ការពារសន្តិសុខ សណ្តាប់ក្នុងពិធីខាងលើនេះឲ្យបានល្អ ដោយចាប់ផ្តើមពិនិត្យអាវុធជាតិផ្ទុះ ចាប់ពីពេលនេះតទៅ។ បន្ថែមពីនេះ ការរៀបចំអនាម័យ បរិស្ថានក៏ត្រូវធ្វើឡើង អោយបានស្អាតព្រមៗគ្នាដែរ។
លោក ឃួង ស្រេង បានជំរុញផ្សព្វផ្សាយ ព័ត៌មាន ចុះផ្តិតយករូបភាព នៃសកម្មភាពទូងស្គរ អបអរសាទរ ថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ថ្ងៃ៥ សីហា តាមទីតាំងផ្សេងៗ ក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅសាលារាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងផុសផុល ព្រោះវាជាថ្ងៃប្រវត្តិសាស្ត្រលើកទី១ របស់កម្ពុជា។
គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ ជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែម ក្នុងការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណនតេជោនេះ ដោយគ្រោងនឹងបើកការដ្ឋាន នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ៕