(ភ្នំពេញ)៖ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានចេញសេចក្តីជូនដំណឹង ស្តីពី ការកាត់ផ្ដាច់ដំណើរការ និងការដាក់លក់ជាថ្មី នៃលេខទូរស័ព្ទចល័តរបស់អ្នកប្រើប្រាស់ និងការកាត់ទឹកប្រាក់ពីគណនី នៃលេខទូរស័ព្ទចល័ត ខុសពីច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។
សេចក្ដីជូនដំណឹង បានឲ្យដឹងថា ក្នុងពេលថ្មីៗនេះ និយ័តករទូរគមនាគមន៍កម្ពុជា បានរកឃើញភាពមិនប្រក្រតី និងបានធ្វើការផាកពិន័យប្រតិបត្តិករទូរស័ព្ទចល័តមួយចំនួនពាក់ព័ន្ធនឹង៖
១៖ ការកាត់ផ្ដាច់ដំណើរការលេខទូរស័ព្ទចល័តរបស់អ្នកប្រើប្រាស់ដែលកំពុងនៅមានសុពលភាពប្រើប្រាស់ ហើយដាក់លក់លេខទូរស័ព្ទទាំងនោះជាថ្មី និង ២៖ ការកាត់ទឹកប្រាក់ពីគណនីរបស់អតិថិជនខុសពីតារាងតម្លៃ និងលក្ខខណ្ឌនៃសេវារ៉ូមីងដែលបានផ្សព្វផ្សាយពាណិជ្ជកម្ម។
ដើម្បីជំរុញការប្រកួតប្រជែងស្របច្បាប់ និងស្មោះត្រង់ និងការការពារផលប្រយោជន៍អ្នកប្រើប្រាស់ និយ័តករទូរគមនាគមន៍កម្ពុជា សូមអំពាវនាវដល់អ្នកប្រើប្រាស់សេវាទូរស័ព្ទចល័តទាំងអស់ រាយការណ៍មក និយ័តករទូរគមនាគមន៍កម្ពុជា តាមរយៈលេខទូរស័ព្ទ ៦៧៨៩ រៀងរាល់ម៉ោងធ្វើការ ឬផ្ញើសារមកកាន់អ៊ីម៉ែល [email protected] ក្នុងករណីដូចខាងក្រោម៖
* លេខទូរស័ព្ទចល័តរបស់ខ្លួន ត្រូវបានកាត់ផ្ដាច់ដំណើរការ ឬត្រូវបានដាក់លក់ជាថ្មី ដោយមិនបានគោរពតាមរយៈពេល បន្ទាប់ពីផុតសុពលភាពនៃទឹកប្រាក់ក្នុងគណនី ដូចមានកំណត់ក្នុងសេចក្តីណែនាំ លេខ៨០២១ ន.ទ.ក. ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។
* ទឹកប្រាក់ក្នុងគណនី នៃលេខទូរស័ព្ទចល័តត្រូវបានកាត់ ខុសពីតារាងតម្លៃ និងលក្ខខណ្ឌនៃសេវា ដែលបានផ្សព្វផ្សាយពាណិជ្ជកម្ម។
* ការភ្ជាប់គម្រោង ឬកញ្ចប់សេវាទូរស័ព្ទចល័ត ឬសេវាតម្លៃបន្ថែមណាមួយ ដែលធ្វើឲ្យមានការកាត់ទឹកប្រាក់ ដោយមិនមានការយល់ព្រមជាមុនពីអ្នកប្រើប្រាស់។
* ការមិនទទួលបានដំណោះស្រាយសមស្របណាមួយ ពីប្រតិបត្តិករទូរស័ព្ទចល័តលើបណ្តឹងតវ៉ារបស់អ្នកប្រើប្រាស់៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់និយ័តករទូរគមនាគមន៍កម្ពុជា៖