(ភ្នំពេញ)៖ កុមារា ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ កូនប្រុសពៅរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ បានទទួលវិញ្ញាបនបត្រជ័យលាភី និងមេដាយមាស គណិតវិទ្យា ចំណាត់ថ្នាក់លេខ១ លំដាប់ពិភពលោក ក្នុងកម្មវិធី CARIBOU CONTEST ក្នុងចំណោមអ្នកចូលរួមសរុប ៧៥,៦៨៦នាក់ ពីបណ្តាប្រទេសផ្សេងៗ ក្នុងពិភពលោក។
ពិធីនេះ បានរៀបចំធ្វើឡើង ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងមានការអញ្ជីញចូលរួមពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផងដែរ។ ពិធីនេះ បានរៀបចំធ្វើឡើង នៅសាលសន្និសីទវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។
លោកបណ្ឌិតសភាចារ្យ ច័ន្ន រ័ត្ន ប្រធានសហគមន៍អ្នកគណិតវិទ្យាកម្ពុជា បានឲ្យដឹងថា កម្មវិធី CARIBOU CONTEST មាន៣៦ប្រទេស ចូលរួមប្រកួត និងមានអ្នកចូលរួម សរុបចំនួន៧៥,៦៨៦នាក់ ក្នុងនោះសិស្សកម្ពុជា បានចូលរួមចំនួន២,៨៩៤នាក់ មកពីគ្រឹះស្ថានសិក្សាទូទាំងប្រទេស ចំនួន៥៧ ដែលលទ្ធផលទទួលបាន៖
* ១៖ សិស្សចំនួន៦៦នាក់ បានទទួលចំណាត់ថ្នាក់លេខ១ មេដាយមាស លំដាប់ពិភពលោក
* ២៖ សិស្សចំនួន៥នាក់ បានទទួលចំណាត់ថ្នាក់លេខ២ មេដាយប្រាក់ និងសិស្សចំនួន៥៣នាក់ បានទទួលចំណាត់ថ្នាក់លេខ៣ មេដាយសំរឹទ្ធ។
សិស្សជ័យលាភីសរុប មានចំនួន១០៣នាក់ មកពី២៦គ្រឹះស្ថានសិក្សា។
លោកបណ្ឌិតសភាចារ្យ ច័ន្ន រ័ត្ន បានលើកឡើងថា នេះគឺជាមោទនភាពរបស់កម្ពុជា ដែលមានប្រព័ន្ធអប់រំមួយល្អ អាចអប់រំកុមារា-កុមារី ដែលបានចូលរួម ប្រកួតប្រជែងគណិតវិទ្យាអន្តរជាតិ តាមប្រព័ន្ធអនឡាញ ហើយទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមសិស្ស ដែលបានចូលរួមប្រកួតកម្រិតដូចគ្នា មកពី៣៦ប្រទេស។
សូមបញ្ជាក់ថា កម្មវិធី CARIBOU CONTEST គឺការប្រកួតប្រជែងគណិតវិទ្យាអន្តរជាតិ តាមប្រព័ន្ធអនឡាញ លំដាប់ពិភពលោក ហើយសម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ ធ្វើឡើងចំនួន៦លើក រួមមាន៖
* លើកទី១៖ នៅថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០២៣
* លើកទី២៖ នៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៣
* លើកទី៣៖ នៅថ្ងៃទី១៧-១៨ ខែមករា ឆ្នាំ២០២៤
* លើកទី៤៖ នៅថ្ងៃទី១៤-១៥ ខែកុម្ភៈ ឆ្នាំ២០២៤
* លើកទី៥៖ នៅថ្ងៃទី០៣-០៤ ខែមេសា ឆ្នាំ២០២៤
* និងលើកទី៦៖ នៅថ្ងៃទី០១-០២ ខែឧសភា ឆ្នាំ២០២៤ ប្រឡងពីថ្នាក់មត្តេយ្យកម្រិតខ្ពស់ រហូតដល់ថ្នាក់ទី១២។
កម្មវិធីនេះ រៀបចំដោយសហគមន៍អ្នកគណិតវិទ្យាកម្ពុជា ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវ នៃសាកលវិទ្យាល័យប៊្រុក នៃប្រទេសកាណាដា (CARIBOU= Canada Research Institute of BROCK University)៕