(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃពុធនេះបានប្រកាសដំឡើងបាក់រង្វាន់ទ្វេដង សម្រាប់អ្នកស្ម័គ្រចិត្តចូលបម្រើកងទ័ព ដើម្បីប្រយុទ្ធនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ ២០២៤។
ក្រឹត្យថ្មីរបស់ លោក ពូទីន បានបង្កើនប្រាក់កក់មុនសម្រាប់អ្នកចុះកិច្ចសន្យាថ្មីទាំងអស់ ដល់ ៤០០,០០០ រូប្លែ (ប្រមាណ ៤,៦៥១ ដុល្លារអាមេរិក)។ អាជ្ញាធរក្នុងតំបន់នានា ក៏ត្រូវបានលើកទឹកចិត្តឱ្យអនុវត្តដូចគ្នានេះផងដែរ។
ជាមួយនឹងប្រាក់បៀវត្សរ៍ប្រចាំខែចំនួន ២០៤,០០០ រូប្លែ និងប្រាក់រង្វាន់បន្ថែមសម្រាប់ការបំពេញកាតព្វកិច្ចជាក់លាក់ ប្រាក់បៀវត្សរ៍ប្រចាំឆ្នាំរបស់ទាហានអាចកើនឡើងដល់ជាង ៣ លានរូប្លែ (ប្រមាណ ៣៧,៧៩១ ដុល្លារអាមេរិក) ក្នុងឆ្នាំដំបូង ដែលលើសពីប្រាក់ឈ្នួលជាមធ្យមនៅក្នុងប្រទេសរុស្ស៊ីជាច្រើនដង។
ការដំឡើងប្រាក់ឈ្នួលនេះ គឺជាផ្នែកមួយនៃវិធានការជាច្រើនដែលរដ្ឋាភិបាលរុស្ស៊ីបានអនុវត្ត ដើម្បីទាក់ទាញអ្នកចូលបម្រើកងទ័ព ដូចជាការលើកលែងការបង់រំលស់ប្រាក់កម្ចី និងការធានាប្រាក់កម្ចីក្នុងករណីមរណភាពជាដើម។
ទោះបីជាយុទ្ធនាការនេះទទួលបានជោគជ័យខ្លះ ក្នុងការទាក់ទាញអ្នកស្ម័គ្រចិត្តក៏ដោយ ក៏អ្នកសេដ្ឋកិច្ចមួយចំនួនព្រួយបារម្ភ អំពីផលប៉ះពាល់សេដ្ឋកិច្ចដែលអាចកើតមាន ដូចជាការជំរុញអតិផរណា និងការបង្កើនការចំណាយរបស់រដ្ឋាភិបាល៕