Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកស្រុកកោះធំ ស្នើឲ្យអាជ្ញាធរជួយអន្តរាគមន៍ ករណីបាក់ដីច្រាំង «ព្រែកបែកប៊ិនយី» រាប់រយម៉ែត្រ, ពេលខ្មែរចង់ធ្វើច្រាំង វៀតណាមមិនឲ្យធ្វើ (Video Inside)

22-09-2016 15:35

(កណ្តាល)៖ ប្រជាពលរដ្ឋរស់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបញ្ហាបាក់ដីច្រាំងរាប់រយម៉ែត្រ នៅចំណុច «ព្រែកបែកប៊ិនយី» ដែលម្ខាងនៅក្នុងដីកម្ពុជា និងម្ខាងទៀត នៅក្នុងដីរបស់វៀតណាម។ ប្រជាពលរដ្ឋ បានស្នើសុំយ៉ាងទទូចដល់អាជ្ញាធរខេត្ត ក៏ដូចជាមន្រ្តីពាក់ព័ន្ធទាំងឡាយ សូមទៅជួយអន្តរាគមន៍ទាន់វេលាផង ពីព្រោះការបាក់ដីច្រាំងនៅព្រែកមួយនេះ បានកើតឡើងជារៀងរាល់ថ្ងៃតែម្តង។

បើតាមប្រជាពលរដ្ឋ នៅពេលចាក់ដីច្រាំងនេះ មិនមែនទើបតែកើតឡើងនៅពេលនេះទេ ប៉ុន្តែបានកើតឡើងរាប់ឆ្នាំមកហើយ ប៉ុន្តែគ្មានកិច្ចអន្តរាគមន៍ពីសំណាក់មន្រ្តីពាក់ព័ន្ធ ជាពិសេសអាជ្ញាធរខេត្តតែម្តង។

ជាមួយគ្នានេះ អ្វីដែលកាន់តែហួសចិត្តទៅទៀតនោះ គឺក្រោយពេលមានការបាក់ច្រាំងដីទាំងនេះ ភាគីប្រជាពលរដ្ឋខ្មែរ ចង់ធ្វើច្រាំងដោយចាក់បេតុង ឬធ្វើរបាំងរាំងខ្ទប់ ប៉ុន្តែបែរជាភាគីវៀតណាម រារាំងមិនឲ្យធ្វើទៅវិញ ខណៈច្រាំងម្ខាងនេះជាទឹកដីរបស់កម្ពុជាសោះ ខណៈច្រាំងនៅខាងវៀតណាមវិញ មើលទៅពួកគេ បានធ្វើបែចុងត្រី និងចតទូក ចតកាណូតយ៉ាងណែនធ្វើព្រងើយ។

ប្រជាពលរដ្ឋម្នាក់រស់នៅ តាមមូលដ្ឋានជាប់ «ព្រែកបែកប៊ិនយី» សូមមិនបញ្ចេញឈ្មោះ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះ បានប្រាប់អង្គភាព Fresh Newsថា «ការបាក់ដីច្រាំងនេះកើតឡើងយូរហើយ និងបាក់ជាបន្តបន្ទាប់រាល់ឆ្នាំហ្នឹង ប៉ុន្តែអាជ្ញាធរ និងមន្រ្តីយើង មិនអើពើសោះ ហើយបើយើងចង់ធ្វើច្រាំងវិញ ខាងវៀតណាមចេញមករារាំងទៅទៀត តែនៅច្រាំងម្ខាង នៃព្រែកនេះវៀតណាម បានធ្វើបែចុងត្រី និងចតទូត ចតកាណូត ពេញទឹកតែម្តង។ ពួកគេធ្វើបានតែយើងធ្វើមិនបានទៅវិញ»

ប្រជាពលរដ្ឋរូបនេះ បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបាក់ដីច្រាំង បែបនេះដែលធ្វើឲ្យប៉ះពាល់ដល់ផ្ទះរបស់ប្រជាពលរដ្ឋ និងផ្ទៃព្រែកកាន់តែធំទៅៗហើយ។ យ៉ាងណាក៏ដោយ អង្គភាព Fresh News នៅថ្ងៃនេះ មិនទាន់អាចសុំការបំភ្លឺ ពីថ្នាក់ដឹកនាំខេត្តកណ្តាល និងមន្រ្តីពាក់ព័ន្ធនៅឡើយទេ​ ចំពោះការលើកឡើងរបស់ប្រជាពលរដ្ឋនេះ៕