(ភ្នំពេញ)៖ ក្រោយការផ្ទុះប្រតិកម្មរឿងតំបន់ត្រីកោណ(CLV) យុវជនបានចេញមុខពន្យល់រឿងការយល់ច្រឡំនេះយ៉ាងសាមញ្ញបំផុត ដើម្បីជាធាតុនៃការគិតដល់ពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសឱ្យបានយល់ និងកុំឱ្យជឿតាមការញុះញង់របស់បុគ្គលណា និងក្រុមណាដែលចង់បំផុសឱ្យមានចលនាប្រឆាំង និងរិះគន់ដោយប្រាសចាកស្រឡះពីការពិត។
តាមរយៈផេកដែលមានឈ្មោះថា NHOR OUDOM យុវជនខ្មែររូបនេះ អះអាងថាប្រសិនបើខេត្តទាំង៤របស់កម្ពុជាត្រូវបានកាត់ឱ្យទៅប្រទេសផ្សេង ឬវៀតណាមមែននោះ ចៅហ្វាយខេត្ត ចៅហ្វាយស្រុក មេឃុំ និងមេភូមិ ប្រាកដជាត្រូវផ្លាស់ប្តូរដាក់ជនជាតិផ្សេង ប៉ុន្តែបច្ចុប្បន្នពលរដ្ឋ និងអាជ្ញាធរគឺសុទ្ធតែជាជនជាតិខ្មែរគ្មានជនជាតិវៀតណាមមកកាន់កាប់ឯណា ហើយពលរដ្ឋនៅក្នុងខេត្តនៅតែកាន់អត្តសញ្ញាណខ្មែរដដែល។ ដូចនេះ គ្មានហេតុផលណាថា ខេត្តជាប់ព្រំដែនទាំង៤ដែលរួមមានរតនៈគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែងគឺត្រូវបានកាត់ឱ្យវៀតណាមនោះទេ។
យុវជនដដែល ក៏បានអំពាវនាវដែរថា សូមយុវជនខ្មែរត្រូវគិតពិចារណាឱ្យបានច្បាស់លាស់មុនប្រតិកម្មអ្វីមួយជាពិសេសរឿងទឹកដីនេះដែលជាបញ្ហារសើប ហើយថា យុវជនកម្ពុជាដែលមានចំណេះដឹងទាំងអស់ ត្រូវទាញយកហេតុផលមកគិតពិចារណាឱ្យសមហេតុផលមុននឹងប្រតិកម្ម ព្រោះការប្រតិកម្មខ្លះនាំមកនូវការខាតបង់ ឬជាការជាប់អន្ទាក់របស់ជន ឬក្រុមនយោបាយមួយក្តាប់តូចតែប៉ុណ្ណោះ៕