(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជសារលិខិត សម្តែងនូវសេចក្តីសោកស្តាយជាទីបំផុត និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ចំពោះក្រុមគ្រួសារសពអាកាសយានិក ២រូប ដែលពលីក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ។

ព្រះរាជសារលិខិតមានខ្លឹមសារដូច្នេះថា «សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងខ្ញុំ មានហឫទ័យដ៏ក្រៀមក្រំ អំពីដំណឹងមរណភាពរបស់លោកវរសេនីយ៍ទោ ស៊ុន ផល្លា និងលោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ យោធិនអាកាសយានិក នៃកងយោធពលខេមរភូមិន្ទ ត្រូវជាស្វាមី របស់លោកស្រី ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតក្នុង ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កន្លងមកនេះ ។

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងខ្ញុំ សូមសម្តែងនូវសេចក្តីសោកស្តាយជាទីបំផុត និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយលោកស្រី ព្រមទាំងក្រុមគ្រួសារ ដែលបានបាត់បង់ស្វាមី ឪពុកដ៏ល្អ និងជាទីស្រឡាញ់ និងជាការ បាត់បង់នូវអាកាសយានិកដ៏អង់អាចក្លាហាន នៃកងយោធពលខេមរភូមិន្ទដែលបានពលី ប្រកបដោយវីរភាពដ៏ឧត្តុង្គឧត្តម ក្នុងបេសកកម្មបម្រើមាតុភូមិ ជាតិ សាសនា ព្រះមហាក្សត្រ ។

សូមវិញ្ញាណក្ខន្ធយោធិនអាកាសយានិកពលីទាំងពីរ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»៕