(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ស្នើឱ្យគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចូលរួមផ្សព្វផ្សាយ ជំរុញ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដែលមិនទាន់បានចុះឈ្មោះ និងប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ (កើតមុន ឬត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៦) មកចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងសូមដាក់ភ្នាក់ងារ ឬអ្នកសង្កេតការណ៍ ចូលរួមពិនិត្យតាមដានដំណើរការនេះ នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត ដើម្បីធានាការអនុវត្តដោយរលូន តម្លាភាព និងជោគជ័យ។
ការស្នើបែបនេះរបស់លោក ប្រាជ្ញ ចន្ទ បានធ្វើឡើងក្នុងឱកាសលោកដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ដើម្បីផ្សព្វផ្សាយអំពីប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤ ការចែកលិខិតអញ្ជើញអ្នកមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៣ និងការចុះឈ្មោះអ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ។
ដើម្បីធានាឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ, លោក ប្រាជ្ញ ចន្ទ សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាចូលរួមសហការថែរក្សា និងការពារសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីធានាសុវត្ថិភាពនៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនេះ។
ជាមួយគ្នានេះដែរ ប្រធាន គ.ជ.ប សូមណែនាំបន្ថែមដល់មន្រ្តីបោះឆ្នោតគ្រប់ជាន់ថ្នាក់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត សូមបន្តអនុវត្តវិធានការសុខាភិបាល និងវិធានការចាំបាច់នានា ស្របតាមគោលការណ៍របស់ក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗ នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត។
លោកក៏សូមអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយ និងគ្រប់ភាគីពាក់ព័ន្ធផ្សេងទៀត ជួយផ្សព្វផ្សាយអំពីដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ និងកិច្ចសហការចូលរួមបានគ្រប់គ្នា។
លោក ប្រាជ្ញ ចន្ទ បានបន្តថា អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំងរាស្រ្ត និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ បទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ គ.ជ.ប បានដាក់ចេញនូវសេចក្តីសម្រេចលេខ ០៥៥ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ និងបានរៀបចំផែនការមេ ព្រមទាំងបានកំណត់នូវប្រតិទិនការងារដែលត្រូវ បំពេញតាមដំណាក់កាលនីមួយៗនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤។ ប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤នេះ ត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈ និងបានចែកជូនអង្គប្រជុំរួចហើយ។ ដោយឡែកសាធារណជន និង ភាគីពាក់ព័ន្ធនានាក៏អាចទាញយកប្រតិទិនការងារនេះចេញពីគេហទំព័ររបស់ គ.ជ.ប ឬក៏អាចយកពីបណ្តាញទំនាក់ទំនងសង្គមរបស់ គ.ជ.ប ផងដែរ។
បន្ថែមពីនេះនេះដែរ លោក ប្រាជ្ញ ចន្ទ បានឱ្យដឹងថា ការចុះឈ្មោះបោះឆ្នោតគឺ សម្រាប់ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក និងសម្រាប់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងឃុំ សង្កាត់ ដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ (កើតមុន ឬត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៦) ព្រមទាំងប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី។
ប្រធាន គ.ជ.ប បានបញ្ជាក់ថា ការកែតម្រូវឈ្មោះ និងទិន្នន័យតាមសំណើសុំរបស់សាមីខ្លួន ឬធ្វើបច្ចុប្បន្នភាព ដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវ និងច្បាស់លាស់ចំពោះ៖
* ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០២៣ រួចហើយ ប៉ុន្តែឈ្មោះ ឬ/និងទិន្នន័យក្នុងបញ្ជីបោះឆ្នោត កត់តា្រមិនបានត្រឹមត្រូវ
* ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០២៣ រួចហើយ ប៉ុន្តែស្នើសុំប្តូរការិយាល័យក្នុងឃុំ សង្កាត់ដដែល ឬសុំប្តូរពីការិយាល័យក្នុងភូមិតែមួយ
* ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០២៣ ដែលបានទទួលមរណភាព ឬត្រូវបានលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬផ្លាស់ លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេង
* ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០២៣ ដែលបានប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ប្រភេទចាស់ដែលហួស សុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត (ឯ.អ) ក្នុងការសុំចុះឈ្មោះបោះឆ្នោតនាឆ្នាំកន្លងមក បានមកស្នើសុំធ្វើបច្ចុប្បន្នភាពទិន្នន័យ ក្នុងបញ្ជីបោះឆ្នោតតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រភេទថ្មីរបស់ខ្លួន។ ចុះឈ្មោះ អាចទាញចេញពីគេហទំព័ររបស់ គ.ជ.ប (www.nec.gov.kh) ឬមកយកផ្ទាល់នៅទីស្ដីការ គ.ជ.ប ដោយឥតគិតថ្លៃ៕