(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ចាន់ សាម៉ន ចាន់ញ៉ាឡាត រដ្ឋមន្រ្តីក្រសួងការពារជាតិ ឡាវ បានផ្តើមធ្វើទស្សនកិច្ចនៅកម្ពុជានាថ្ងៃនេះ ហើយនៅវេលាម៉ោងជាង៣៖០០រសៀល ថ្ងៃទី២២ ខែកញ្ញានេះ លោកកំពុងមានជំនួបមួយជាមួយ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិរបស់កម្ពុជាដើម្បីលើកស្ទួយចំណងទាក់ទងរវាងប្រទេសទាំងពីរ។
លោកឧត្តមសេនីយ៍ឯក ចាន់ សាម៉ន ចាន់ញ៉ាឡាត រដ្ឋមន្រ្តីក្រសួងការពារជាតិឡាវ បានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់២៥ ខែកញ្ញា ឆ្នាំ២០១៦នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងការពារជាតិ។
ដំណើរទស្សនកិច្ចផ្លូវការធ្វើឡើងក្នុងគោលបំណងលើកស្ទួយចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ឱ្យកាន់តែមានភាពរឹងមាំល្អប្រសើរថែមទៀត។ បន្ទាប់ពីជួបពិភាក្សាជាមួយ លោកឧបនាយករដ្ឋមន្រី្ត ទៀ បាញ់ លោកឧត្តមសេនីយ៍ឯក ចាន់សាម៉ន ចាន់ញ៉ាឡាត ក៏នឹងបន្តចូលជួបសម្ដែងការគួរសមជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ៕