(តាកែវ)៖ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ត្រូវបានប្រកាសឲ្យចូលកាន់តំណែងជាស្នងការនគរបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក វ៉ី សំណាង អភិបាលខេត្តតាកែវ។
ក្រោយទទួលបានប្រកាសចូលកាន់តំណែងជាផ្លូវការហើយនោះ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ដែលធ្លាប់កាន់តំណែងជាស្នងការខេត្តឧត្តរមានជ័យ និងកំពង់ធំ សម្រេចបានជោគជ័យជាច្រើននោះ ក៏បានធ្វើការប្ដេជ្ញាចិត្តដូចខាងក្រោម៖
*ទី១៖ ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ
*ទី២៖ ការពារដាច់ខាតចំពោះរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីឆន្ទៈរាស្ដ្រ និងចូលរួមអនុវត្តឲ្យសម្រេចបានជោគជ័យនូវគ្រប់កម្មវិធីនៅនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា
*ទី៣៖ គោរព និងអនុវត្តម៉ឺងម៉ាត់តាមច្បាប់ បទបញ្ញត្តិ បទបញ្ជា បទវិន័យនគរបាលជាតិកម្ពុជា និងគោលការណ៍នានារបស់ថ្នាក់ដឹកនាំគ្រប់ថ្នាក់
*ទី៤៖ ដឹកនាំមន្ត្រីក្រោមឱវាទប្រកបដោយគុណធម៌ បង្កើនចំណងសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ រួមសុខរួមទុក្ខជាមួយមន្ត្រីគ្រប់កាលៈទេសៈ។ ទន្ទឹមនោះ បន្ដខិតខំលើកកម្ពស់គុណភាពមន្ត្រី ទាំងសមត្ថភាពជំនាញ វិន័យ សីលធម៌ វិជ្ជាជីវៈ សេចក្ដីថ្លៃថ្នូរ សំដៅលើកស្ទួយកិត្តិយស និងកិត្យានុភាពរបស់កងកម្លាំងនគរបាលជាតិ
*ទី៥៖ តម្កល់ផលប្រយោជន៍អង្គភាពខ្ពស់ ដោយខិតខំបន្តកសាងបណ្តាអង្គភាពចំណុះស្នងការដ្ឋាន ឲ្យស័ក្កិសមជាបង្អែកផ្នែកសន្តិសុខយ៉ាងរឹងមាំ សម្រាប់ប្រជាពលរដ្ឋ
*ទី៦៖ បង្កើនកិច្ចសហការជិតស្និទ្ធជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធនៅក្នុងខេត្ត ក៏ដូចជាខេត្តជាប់ព្រំប្រទល់ និងខេត្តតាកែវ ដើម្បីការពារសន្តិភាព ធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម
*ទី៧៖ លើកកម្ពស់ការងារអនុវត្តគោលនយោបាយ «ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព» ដោយខិតខំជំរុញការផ្តល់សេវាតម្រូវការចាំបាច់ សេវាផ្នែកសន្តិសុខ ទាំងផ្លូវកាយ និងផ្លូវចិត្តជូនប្រជាពលរដ្ឋដោយភក្តីភាព និងមានតម្លាភាព សំដៅបង្កើនភាពកក់ក្តៅ និងការជឿជាក់របស់ប្រជាពលរដ្ឋ មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល៕