(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ បានចូលរួមកិច្ចប្រជុំពិភាក្សា លើគម្រោងបង្កើតប្រព័ន្ធព័ត៌មានសន្តិសុខស្បៀងអាស៊ាន និងការអភិវឌ្ឍធនធានមនុស្សដំណាក់កាលទី៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំដល់មន្ត្រីជំនាញត្រូវតាមដានវិភាគពីតួលេខស្ថិតិ នៃប្រភេទដំណាំសំខាន់ៗឱ្យច្បាស់លាស់ រាយការណ៍នូវភាពជាក់ស្តែង និងពិតប្រាកដ ហើយត្រូវអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានភាពម្ចាស់ការ។
ជាមួយគ្នានេះដែរ លោក ឌិត ទីណា បានគូសបញ្ជាក់ដល់អ្នកជំនាញត្រូវសិក្សាលម្អិតបន្ថែមទៀត ដើម្បីរៀបចំគម្រោងផែនការមួយច្បាស់លាស់ព្រមទាំងវាយតម្លៃនូវលទ្ធផល និងផលប៉ះពាល់ផ្សេងៗទាំងលក្ខណៈបច្ចេកទេស និងនយោបាយ ជាពិសេសត្រូវប្រើប្រាស់ថវិកាឱ្យចំគោលដៅ និងមានប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ មុនអនុវត្តគម្រោងនេះ៕