(កំពង់ធំ)៖ ជើងក្រោមរបស់បក្សប្រឆាំងកំពុងរង្គោះរង្គើខ្លាំង ចរន្តផ្តាច់ខ្លួនពីបក្សប្រឆាំង ពុះកញ្ជ្រោលដូចទឹកបាក់ទំនប់ ព្រោះតែអស់សង្ឃឹមនឹងជោគវាសនាបក្សប្រឆាំងដែលចេះតែបែកបាក់គ្នា និងគ្មានគោលនយោបាយច្បាស់លាស់លើសកម្មភាពនយោបាយ។ ជាពិសេសការធ្វើនយោបាយខ្វះការពិចារណាតែងប្រឆាំងនឹងប្រយោជន៍ជាតិ។
នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ ក្បាលម៉ាស៊ីនគណបក្សហ៊្វុនស៊ិនប៉ិច និងឆន្ទៈខ្មែរ ក្នុងស្រុកសន្ទុក និងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ចំនួន៣រូបទៀត បានប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំង ដែលធ្លាប់រួមរស់ និងធ្វើសកម្មភាពនយោបាយបម្រើអស់ជាច្រើនឆ្នាំមកហើយ។
ក្បាលម៉ាស៊ីនបក្សប្រឆាំងនៅមូលដ្ឋានទាំង៣រូបនេះ បានសម្តែងការសោកស្តាយជាខ្លាំងចំពោះកំហុសឆ្គងចំពោះជាតិមាតុភូមិនាពេលកន្លងទៅ ព្រោះតែលង់ជឿតាមការអូសទាញខ្វះការពិចារណា។
ទន្ទឹមនឹងការប្រកាសផ្តាច់ខ្លួនចេញបក្សប្រឆាំង ពួកគេ ក៏បានសុំការអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បន្តសកម្មភាពនយោបាយទៅមុខបន្តទៀត។
ពេលនេះពួកគេ បានមើលឃើញច្បាស់ដោយឥតសង្ស័យថា គណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ខ្លាំងពូកែ ដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បន្ថែមពីលើនោះសម្តេចតេជោ បានប្រឹងប្រែងបញ្ចប់សង្គ្រាម បង្រួបបង្រួមជាតិ និងកសាងជាតិឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។
អ្នកស្ម័គ្រស្មោះព្រោះចាញ់កលលួងលោមក្រុមប្រឆាំងជ្រុលនិយមបន្តថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំជាតិ និងកសាងជាតិឆ្ពោះទៅរកភាពរុងរឿង។ ជាពិសេសបក្សប្រជាជនកម្ពុជា ជាបង្អែក និងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការធានារក្សាបានសុខសន្តិភាព និងស្ថេរភាពសង្គមដែលជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ធានានូវការរស់នៅប្រកបដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។
អតីតអ្នកស្មោះស្ម័គ្របក្សប្រឆាំងខាងលើនេះ បានប្រកាសបម្រើ ការពារ ស្ម័គ្រស្មោះជាមួយបក្សប្រជាជន ដោយមិនឆោតល្ងង់ជឿតាមការអូសទាញរបស់ក្រុមប្រឆាំង ទៀតនោះឡើយ។
ពួកគេ ក៏បានអំពាវនាវដល់អ្នកបម្រើបក្សប្រឆាំងទាំងអស់ឱ្យភ្ញាក់រលឹក និងឈប់ចាញ់បោកបក្សប្រឆាំងបន្តទៅទៀត ហើយចូលរួមសកម្មភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ដើម្បីកសាងជាតិមាតុភូមិឱ្យរុងរឿង៕