(ភ្នំពេញ)៖ កម្ពុជា និងរដ្ឋបាលពិសេសហុងកុង បានសម្លឹងឃើញវិស័យមានសក្តានុពលជាច្រើន អាចពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ច និងជំរុញដល់ការលូតលាស់ផ្នែកសេដ្ឋកិច្ច។
លោក ចន លី ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេលពីរថ្ងៃ ដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យនានា ជាពិសេសការធ្វើធុរកិច្ចជាមួយកម្ពុជា។
នៅព្រឹកថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ លោក ចន លី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ក្នុងជំនួបនេះ លោក ចន លី បានជម្រាបសម្តេចធិបតី អំពីគោលបំណងនៃដំណើរទស្សនកិច្ច គឺដើម្បីពង្រឹង និងពង្រីកចំណងទំនាក់ទំនងរវាងតំបន់រដ្ឋបាលពិសេសហុងកុង និងកម្ពុជា ជាពិសេសក្នុងវិស័យធុរកិច្ច វិនិយោគ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។
លោកបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ តំណាងក្រុមហ៊ុនហុងកុងធំៗ ក៏បានចូលរួមផងដែរ។ លោក ចន លី បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រវិនិយោគិន និងធុរជនហុងកុង នាពេលកន្លងមក។
សម្ដេចធិបតី បានសម្ដែងក្ដីសោមនស្សរីករាយចំពោះការសម្រេចបានការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងទីភ្នាក់ងារមួយចំនួនរបស់តំបន់រដ្ឋបាលពិសេសហុងកុង ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ការណ៍នេះនឹងបង្កើតបន្ថែមទៀតនូវយន្តការជំរុញវិនិយោគ និងធុរកិច្ច និងរួមចំណែកដល់ការពង្រឹង ទំនាក់ទំនងដ៏រឹងមាំ រវាងកម្ពុជា-ចិន។ សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះវិនិយោគិនហុងកុង ដែលបានបោះទុនវិនិយោគនៅកម្ពុជា។
សម្ដេចធិបតី និងលោក ចន លី ក៏បានពិភាក្សាអំពីការបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតំបន់រដ្ឋបាលពិសេសហុងកុង លើវិស័យមានសក្តានុពលជាច្រើន មានជាអាទិ៍៖ ពាណិជ្ជកម្ម និងវិនិយោគ, ហិរញ្ញវត្ថុ និងធនាគារ, បច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល, ទេសចរណ៍, ការអប់រំ និងការតភ្ជាប់ប្រជាជន និងប្រជាជន រួមទាំងការពិនិត្យលទ្ធភាពបង្កើនចំនួនជើងហោះហើរត្រង់ពីហុងកុង មកខេត្តសៀមរាបរបស់កម្ពុជា។
ក្នុងជំនួបនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីគោលនយោបាយ និងយន្តការនានារបស់រាជរដ្ឋាភិបាល ក្នុងការបង្កើត និងបង្កើនបរិយាកាសអំណោយផល និងការលើកទឹកចិត្តដល់ការវិនិយោគនៅកម្ពុជា។
សូមបញ្ជាក់ថា នៅក្នុងជំនួបនាព្រឹកមិញនេះ សម្តេចធិបតី និងលោក ចន លី បានអញ្ជើញជាសាក្សីផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា (MoU) ចំនួន២ផងដែរ។ MoU ដែលបានផ្លាស់ប្តូរនោះរួមមាន៖
១៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងវិនិយោគហុងកុងនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណៈរដ្ឋប្រជាមានិតចិន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)
២៖ អនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕