(ភ្នំពេញ)៖ ដើម្បីមូលដ្ឋានស្អាត មានសណ្ដាប់ធ្នាប់ល្អ បរិស្ថាន អនាម័យស្អាត នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំមន្ត្រីរាជការ យុវជន ស.ស.យ.ក កម្លាំងសណ្ដាប់ធ្នាប់ និងកម្លាំងកងរាជអាវុធហត្ថ នគរបាល ចុះរៀបចំសណ្ដាប់ធ្នាប់ សម្អាតបរិស្ថាន អនាម័យ តាមបណ្ដោយផ្លូវជាតិលេខ១ ចាប់ពីសង្កាត់និរោធ រហូតមកដល់ស្ពានព្រះមុនីវង្ស ត្រើយខាងកើត ឋិតក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់ តាមផ្លូវជាតិលេខ១នេះដែរ ក្រុមការងារបានបែងចែកកម្លាំងគ្នាធ្វើ មួយផ្នែក បោសសម្អាត ដីខ្សាច់ ដែលធ្លាក់នៅលើចិញ្ចើមផ្លូវ បោសសំរាមនៅមាត់លូ និងកាកសំណល់ផ្សេងៗ ដែលធ្លាក់នៅលើផ្លូវ។

ចំពោះម្ចាស់ផ្ទះ ដែលនៅអមសងខាងផ្លូវជាតិលេខ១ ដាក់ស្លាកយីហោ ឬតាំងរបស់របរផ្សេងៗ នៅលើចិញ្ចើមផ្លូវ ត្រូវបានអាជ្ញាធរណែនាំឲ្យរើចេញ ដោយទុកចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង ហាមមិនឲ្យដាក់តាំងលក់ដូរតទៅទៀតឡើយ បើមិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរ ក្រុមការងារ និងចាប់ ដកហូតយក ដោយមិនលើកលែងនោះឡើយ។

ជាមួយគ្នានេះដែរ ក្រុមការងារបានធ្វើការណែនាំដល់គ្រឹះស្ថានសាធារណៈ អគារក្រុមហ៊ុន ធនាគារឯកជន និងម្ចាស់ផ្ទះ ដែលនៅអមសងខាងផ្លូវ សូមដោតទង់ជាតិ ទៅតាមមុខផ្ទះមុខ អគារ កុំឲ្យបានស្អាត ដើម្បីចូលរួមអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ក្រោមអធិបតីភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕