(មណ្ឌលគិរី)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា មន្រ្តីឧទ្យានុរក្សបានតស៊ូលះបង់ និងហ៊ានពលីជីវិត ក្នុងការបំពេញកាតព្វកិច្ច ក្នុងការការពារសម្បត្តិធនធានធម្មជាតិ បរិស្ថាន និងបេតិកភណ្ឌវប្បធម៌ធម្មជាតិកម្ពុជា។

លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងនូវការអបអរសាទរទិវាឧទ្យានុរក្សពិភពលោក ដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៣១ ខែកក្កដា ដើម្បីរំលឹកដល់វីរភាព ដ៏អង់អាចក្លាហាន របស់ឆ្មាំការពារព្រៃ ក្នុងបេសកកម្មការពារនិងអភិរក្សធនធានធម្មជាតិ និងបរិស្ថាននៅកម្ពុជា នៅក្នុងឱកាស អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ថ្នាក់ដឹកនាំ និងមន្ត្រី នៃមន្ទីរបរិស្ថានខេត្តរតនគីរី នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។

គួរបញ្ជាក់ថា ក្រសួងបរិស្ថាន បានចាប់ផ្តើមប្រារព្ធទិវាមន្ត្រីឧទ្យានុរក្សនៅឆ្នាំ២០១៥ ហើយបន្តប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ និងបានមានការចូលរួមជាបន្តបន្ទាប់ពីស្ថាប័នពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ ព្រះសង្ឃ សិស្ស និស្សិត សហគមន៍មូលដ្ឋាន សាធារណជន និងវិស័យឯកជន។ ដើម្បីចូលរួមអបអរសាទរដល់ទិវាមន្ត្រីឧទ្យានុរក្សពិភពលោកឆ្នាំនេះ ក្រសួងបរិស្ថាននឹងប្រារព្ធទិវាឧទ្យានុរក្សពិភពលោក នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នៅខេត្តកែប។

លោករដ្ឋមន្ត្រីបានបន្តថា ក្រសួងបរិស្ថាន មានមោទកភាពចំពោះមន្ត្រីឧទ្យានុរក្សដែលជាកម្លាំងជួរមុខ បានលះបង់កម្លាំងកាយ កម្លាំងចិត្ត មិនខ្លាចនឿយហត់ទាំងយប់ទាំងថ្ងៃ ធ្វើការល្បាត ការបង្ក្រាបបទល្មើសធនធានធម្មជាតិ និងពេលខ្លះប្រឈមនឹងការលះបង់អាយុជីវិត ដើម្បីការពារធនធានធម្មជាតិ និងបរិស្ថាន ឱ្យបានស្អាត មានភាពបៃតង នៅគង់វង្សតកូនចៅទៅជំនាន់ក្រោយ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី បានជំរុញ និងលើកទឹកចិត្តដល់សាធារណជន ផ្តល់គុណតម្លៃ និងការដឹងគុណដល់មន្រ្តីឧទ្យានុរក្សដែលបានតស៊ូលះបង់ និងខិតខំបំពេញបេសកកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការការពារបរិស្ថាន និងធនធានធម្មជាតិ និងចូលរួមជាមួយនឹងមន្រ្តីឧទ្យានុរក្ស ដើម្បីការពារធនធានធម្មជាតិនិងបរិស្ថានប្រកបដោយនិរន្តរភាព។

សូមបញ្ជាក់ថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភារាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ហើយតាមរយៈយុទ្ធសាស្ត្រនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការណែនាំ និងចង្អុលបង្ហាញដល់ក្រសួង បរិស្ថានឱ្យរៀបចំឡើងនូវយុទ្ធសាស្ត្រចក្រា ដែលមានសរសរស្ដម្ភបី នោះគឺ ភាពស្អាត ភាពបៃតង និងចីរភាព។ ក្រសួងបរិស្ថាន បានដាក់ចេញនូវវិធានការយ៉ាងម៉ឺនម៉ាត់បំផុតក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយបញ្ចប់រាល់វប្បធម៌ចុះកិច្ចសន្យាដោះលែងអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ និងជំរុញការអនុវត្តច្បាប់ឱ្យបាន១០០ភាគរយ។

ព្រះរាជាណាចក្រកម្ពុជា មានតំបន់ការពារធម្មជាតិចំនួន៧៣ កន្លែង ដែលមានផ្ទៃដីជាង ៧លានហិកតា ស្មើរនឹងជាង ៤០ភាគរយ នៃផ្ទៃប្រទេស ហើយមន្ត្រីឧទ្យាននុរក្សចំនួន ១,១២០នាក់ ក្នុងនោះមន្ត្រីឧទ្យានុរក្សស្រ្តី ចំនួន ៣៨នាក់។