(ភ្នំពេញ)៖ លោក សួន រចនា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានប្រចាំការនៃគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៃក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង សមាជិក សមាជិកា និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង។

កិច្ចប្រជុំនេះរៀបចំឡើងនាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីពិនិត្យវឌ្ឍនភាពការងារ វាយតម្លៃអំពីការអនុវត្តមុខងារដែលបានផ្ទេរ និងបានធ្វើប្រតិភូកម្ម ក្នុងការផ្ដល់សេវាដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក នៅអង្គភាពច្រក និងការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលក្រុង ស្រុក និងរកដំណោះស្រាយពីបញ្ហាប្រឈម និងសំណូមពរក្នុងវិស័យសាធារណការ និងដឹកជញ្ជូន របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូនផ្លូវគោក វិស័យដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ដែលបានរកឃើញក្នុងដំណើរចុះពិនិត្យ និងវាយតម្លៃនិងវគ្គសិក្ខាសាលា ផ្សព្វផ្សាយ និងបណ្តុះបណ្តាល ការអនុវត្តមុខងារ ដែលក្រសួងបានប្រគល់ឲ្យថ្នាក់ក្រោមជាតិ ក្នុងឆ្នាំ២០២៤នេះ ចំនួន២៥ ចំណុចដែលបូកសរុបដោយលេខាធិការដ្ឋាន។

សូមបញ្ជាក់ជូនផងដែរថា គោលការណ៍សំខាន់នៃការធ្វើកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ឬកំណែទម្រង់តាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ គឺដើម្បីជំរុញអភិបាលកិច្ច តាមរយៈការបង្ខិតសេវារដ្ឋបាលទៅជិតប្រជាពលរដ្ឋ សំដៅលើកកម្ពស់គុណភាពសេវាសាធារណៈតាមរយៈការពង្រឹងយន្តការបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕