(ក្រចេះ-ស្ទឹងត្រែង)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញជួបសំណេះសំណាលនិងសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តី នៃមន្ទីរបរិស្ថានក្រចេះ នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីពង្រឹងការអនុវត្តការងារគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថានស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញលើសសរស្តមបី គឺស្អាត បៃតង និងចីរភាព។
លោករដ្ឋមន្រ្តីបានបញ្ជាក់លើភាពជឿជាក់ថា ការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប និងជាពិសេសប្រជាពលរដ្ឋដែលស្រឡាញ់ភាពស្អាត នឹងបន្តចូលរួមជាមួយយុទ្ធនាការក្រសួងបរិស្ថាន មួយជំហានមួយជំហាន ការសម្អាតសំរាម សំណល់ប្លាស្ទិក ពីព្រោះថាបរិស្ថាននៅជុំវិញយើងគ្រប់គ្នា ដើម្បីសម្រេចបានភាពស្អាត ភាពបៃតង លើកកម្ពស់សុខភាពល្អ ទាក់ទាញស្រូបទាញភ្ញៀវទេសចរឱ្យចូលមកទស្សនាកម្ពុជា និងការលើកកម្ពស់កិត្តិយសគុណភាពបរិស្ថាន នៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
លោករដ្ឋមន្រ្តី បានលើកទឹកចិត្តដល់អាជ្ញាធររាជធានីខេត្ត និងប្រជាពលរដ្ឋឱ្យចូលរួមសម្អាតសំរាម សំណល់ប្លាស្ទិកឱ្យអស់ពីសហគមន៍ និងទន្លេរបស់យើង ដើម្បីភាពស្អាត បៃតង និងមានការអភិវឌ្ឍដោយចីរភាព។
លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា យុទ្ធនាការក្រសួងបរិស្ថាន បានជំរុញការប្តេជ្ញាចិត្តដក់ចាំនៅក្នុងចិត្ត ហើយកែប្រែផ្នត់គំនិត ដើម្បីភាពស្អាត បន្ទាប់មកការប្តេជ្ញាចិត្តបានក្លាយជាបណ្តើរៗ ជាចលនាផុសផុល នោះទម្លាប់នៃភាពស្អាត នឹងកើតមានដល់ប្រជាពលរដ្ឋគ្រប់រូប ហើយបន្តភាពស្អាតនៅកម្ពុជា តទៅកូនចៅជានិរន្តរ។
ដោយឡែកកនៅក្នុងឱកាសចុះជួសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យមន្រ្តីក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរគ្រប់ថ្នាក់ ដៃគូរពាក់ព័ន្ធ ដើម្បីប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ជាពិសេសសម្អាតប្លាស្ទិកនៅលើគោក ក្នុងទឹក និងលើអាកាសដើម្បីធ្វើយ៉ាងណាមិនឱ្យមានការបំពុលទៅដល់ជីវៈចម្រុះ។
នៅក្នុងឱកាសនោះ លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យពង្រឹងការអនុវត្តច្បាប់ ១០០% ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ ការផ្តល់សម្ភារនិងផែនទីសម្រាប់ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន រួមជាមួយការសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ ការដាំកូនឈើ និងស្តារព្រៃឈើ ដើម្បីភាពបៃតង ដែលជាចំណែកនៃការរកប្រាក់ចំណូលបន្ថែមរបស់ប្រជាសហគមន៍ នឹងជួយឱ្យមានការអភិវឌ្ឍដោយចីរភាព នឹងរក្សាបាននូវអព្យាក្រឹតកាបូន និងសម្រេចបានគោលដៅជាប្រទេសមានគម្របព្រៃ ៦០% នៅឆ្នាំ២០២៥៕